ក្នុងនាមជាម្ចាស់ជើងឯកនៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្លិបណាហ្គាវើល បានចាប់ឆ្នោតស្ថិតនៅពូល F ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានផ្សេងទៀត សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី គឺAFC Cup 2019 ដែលនឹងប្រកួតនៅឆ្នាំ២០១៩នេះ។
លោក មាស ចាន់ណា គ្រូបង្វឹករបស់ក្រុមណាហ្គាវើល បានដឹកនាំកូនក្រុមចេញដំណើរទៅកាន់ប្រទេសវៀតណាម នៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះដើម្បីប្រកួតបើកឆាកពានរង្វាន់ AFC Cup 2019 ដោយត្រូវប៉ះម្ចាស់ផ្ទះក្រុម Hanoi FC នៅវេលាម៉ោង៧យប់ ថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានHàng Đẫy Stadium ក្នុងរដ្ឋធានីហាណូយ។
លោក មាស ចាន់ណា បានលើកឡើងមុនចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិនេះថា៖«មកទល់ពេលនេះ ត្រៀមខ្លួនបានច្រើនហើយ។ យើងផ្ដោតទៅលើ៥ចំណុចធំៗ សម្រាប់ទប់ទល់និងក្រុមខ្លាំង៣នោះ ដែលកត្តាទាំងអស់រួមមាន ទម្រង់លេង ការរៀបចំតំបន់ការពារ ការរៀបចំតំបន់ប្រយុទ្ធកីឡាករនាំលេង និង ចលនាបម្លាស់ទី»។ យ៉ាងណាក្តីលោកទទួលស្គាល់ថាក្រុម Hanoi FC ជាក្រុមខ្លាំងមួយនៅក្នុងពូល។
តាមគម្រោងការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះតាមពូលនឹងចាប់ផ្ដើមនៅចុងខែ កុម្ភៈ នេះតាមរូបមន្តវិលជុំសន្សំពិន្ទុ សរុបស្មើ៦ប្រកួត (ក្នុងដីនិងក្រៅដី) ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត ដោយគ្រោងនឹងបញ្ចប់ការប្រកួតទាំងមូលនៅដើមខែតុលា ឆ្នាំ២០១៩។ ការចាប់ឆ្នោតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ឃើញថាក្រុមណាហ្គាវើលស្ថិតនៅពូល F ជាមួយក្រុម Hanoi FC (ម្ចាស់ជើងឯកលីគកំពូលវៀតណាម) Tampines Rovers (ជើងឯករងលីគកំពូលសិង្ហបុរី) និង Yangon United (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា)។
នេះជាឆ្នាំទី១ សម្រាប់ណាហ្គាវើល ក្នុងការប្រកួតនៅវគ្គបែងចែកពូលបន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ ធ្លាប់បានចូលរួមប្រកួតម្តងតែត្រូវប្រកួតជម្រុះនៅវគ្គជម្រុះបឋម។សូមរំលឹកថាសម្រាប់ឆ្នាំ ២០១៨ក្នុងពានរង្វាន់ AFC Cup ជើងឯកបានទៅក្លិប Al-Quwa Al-Jawiya របស់អ៊ីរ៉ាក់ក្រោយឈ្នះក្លិប Altyn Asyr របស់ទួរមេនីស្ថាន ក្នុងលទ្ធផល ២-០ នាវគ្គផ្ដាច់ព្រ័ត្រលើទីលានកីឡដ្ឋានBasra Sports City ក្នុងទីក្រុង Basraក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង២ម៉ឺននាក់ កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ៕
Source: Kampuchea Thmey Daily
0 Comments