ភ្នំពេញ ៖ បន្ទាប់ពី លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីបញ្ជាកម្លាំងដោយផ្ទាល់ ក្នុងការបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលរ៉ក ដ៏កក្រើកនៅកណ្តាលទីក្រុងភ្នំពេញ និងនៅទូទាំងប្រទេស ហើយក៏មានមហាជនមានចម្ងល់ចាក់ស្រេះដោះស្រាយមិនចេញដោយសារការឃាត់ខ្លួនជនសង្ស័យចំនួន 311នាក់ គ្រឿងញៀនជាង 50គីឡូក្រាម ប៉ុន្តែមេខ្លោងម្ចាស់ទីតាំងដ៏ធំ គឺលោកឧកញ៉ា គិត ធាង មិនទាន់បានចាប់ខ្លួននោះទេ។
អ្នកណាៗក៏ដឹងដែរថា មជ្ឈមណ្ឌលកម្សាន្តរ៉ក ត្រូវបានបើកដំណើរការជាយូរឆ្នាំមកហើយ ដែលបទល្មើសគ្រឿងញៀន ក៏អាចនឹងកើតឡើងយូរហើយដែរ។ ប៉ុន្តែសំណួរសួរថា ហេតុអ្វី ? សមត្ថកិច្ចមិនសូវហ៊ានបង្ក្រាបគ្រឿងញៀន នៅមជ្ឈមណ្ឌលរ៉កនេះ។
ជាមួយគ្នានោះ មិនត្រឹមតែកើតឡើងបទល្មើសគ្រឿងញៀនទេ តែបញ្ហាជាច្រើនទៀត ដែលអ្នកដឹងរឿងច្បាស់ បញ្ជាក់ថា សេវាកម្មផ្សេងៗទៀត ដូចជា រាំស្រាត ការកុម្ម៉ង់គ្រឿងញៀន ជក់បណ្ដើរ រាំរ៉ែកបណ្ដើរ ក៏ដូចជាសេវាកម្មសិច និងការជួញដូរផ្លូវភេទជាដើម ..។ល។
អ្នកច្បាប់លើកឡើងថា តាមពិតរាល់ការបង្ក្រាបបទល្មើសគ្រឿងញៀន ប្រាកដណាស់ អាជ្ញាធរត្រូវតែបិទមជ្ឈមណ្ឌលកម្សាន្តនោះ ហើយម្ចាស់ទីតាំងមិនអាចរួចផុតពីការទទួលខុសត្រូវបានឡើយ។
ប៉ុន្តែហេតុអ្វី ? ការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក ដោយចាប់ខ្លួនអ្នកមុនៗ អាជ្ញាធរមិនហ៊ានបិទមជ្ឈមណ្ឌលកម្សាន្តរ៉ក ? ដោយនៅដំណើរការយ៉ាងរំភើយ។ នេះជាសំណួរ ដែលមហាជនសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង។
ជាក់ស្តែងលើកនេះ មានការបង្ក្រាបទ្រង់ទ្រាយធំ ដែលដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សជាង៣០០នាក់ និង គ្រឿងញៀនជាង៥០គីឡូក្រាម ទើបអាជ្ញាធរ ត្រូវបង្ខំចិត្តបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក ព្រោះមហាជនទាមទារខ្លាំងជាទីបំផុត ដោយចាត់ទុកថា ”រ៉ក” ជាជង្រុក នៃបទល្មើសគ្រឿងញៀន។
នៅមានចំណុចមួយទៀត ដែលមហាជនកំពុងទាមទារ ហើយពុំទាន់ទទួលបាន គឺ ការចាប់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដើម្បីផ្ដន្ទាទោសតាមច្បាប់ ព្រោះឧទាហរណ៍ បើលោកឧកញ៉ា គិត ធាង មិនពាក់ព័ន្ធដោយផ្ទាល់ ក៏គាត់ជាអ្នកផ្តល់ទីតាំងឲ្យប្រព្រឹត្តបទល្មើសនេះដែរ។
លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនាថ្ងៃទី 23 កុម្ភៈ បានដឹកនាំមន្ត្រីជំនាញចុះទៅសហការជាមួយនឹងលោកឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីទាំងជាង 300នាក់ ដែលកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា ក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួនជាង 3 00នាក់នោះ ភាគច្រើនសុទ្ធតែរកឃើញសារធាតុញៀននៅក្នុងខ្លួន។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ កំពុងមមាញឹកក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីបិទបញ្ចប់ការសាកសួរ ធ្វើតេស្តទឹកនោមជាបឋម។
លោក ស ថេត បានបញ្ជាក់ទៀតថា កាលពីរសៀលថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2019 សមត្ថកិច្ចបានទៅបើកទីតាំងមជ្ឈមណ្ឌលរ៉កដែលឃ្លុំបេនោះម្ដងទៀត បានរកឃើញនូវថ្នាំញៀនប្រមាណជា 2 ទៅ 3 គីឡូក្រាមបន្ថែមទៀត សរុបជាង៥០គីឡូក្រាម។
លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ បានឲ្យកម្ពុជាថ្មីដឹងកាលពីរសៀលថ្ងៃទី 25កុម្ភៈថា ជនសង្ស័យដែលមិនពាក់ព័ន្ធសារធាតុញៀន បន្ទាប់ពីធ្វើតេស្តទឹកនោមខាងសមត្ថកិច្ចយើងបានដោះលែងទៅវិញដោយស្វ័យប្រវត្តិ ហើយ អ្នកដែលពាក់ព័ន្ធនឹងសារជាតិញៀននៅក្នុងខ្លួនសមត្ថកិច្ចឲ្យអាណាព្យាបាលមកធានា និងយកទៅអប់រំនៅឯគេហដ្ឋាន។ ចំណែកអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន គឺសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកស្នងការរងបន្តថា ពេលនេះយើងកំពុងតែមមាញឹកក្នុងការញែកឲ្យដាច់ពីគ្នាអ្នកដែលជាប់ពាក់ព័ន្ធ និងអ្នកដែលគ្មានពាក់ព័ន្ធ ហើយការងារនេះនៅមិនទាន់បញ្ចប់នៅឡើយទេ យ៉ាងណាមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃក៏បានមកជួយធ្វើការងារនេះផងដែរ។
លោកបន្តថា អាចមិនមានធ្វើសន្និសីទកាសែតនោះទេ បើទោះត្រូវការងារនេះធ្វើចប់ក៏ដោយ។
បន្ទាប់ពីមានការដឹកនាំឆ្មក់ចូលបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយករណីនេះ ធ្វើឲ្យសាធារណៈមតិបានស្គាល់ឈ្មោះ លោក ស ថេត យ៉ាងច្បាស់ ហើយក៏បានសម្ដែងនូវការអបអរសាទរចំពោះការដឹកនាំបង្ក្រាបដែលទីតាំងនេះ មិនសូវអ្នកណាគេហ៊ានប្រថុយប្រថាននោះឡើយ ព្រោះកន្លងមក បើទោះដឹងថា ការសេពគ្រឿងញៀននៅទីនោះយ៉ាងណា ក៏គ្មាននរណាហ៊ានក្អកដែរ។ ភាពមោះមុតក្នុងការដឹកនាំបញ្ជានេះ បានធ្វើឲ្យសាធារណៈមតិគាំទ្រយ៉ាងខ្លាំងនាពេលនេះ ហើយនិយាយថាពិតជាកណ្ដាប់ដៃដែកមែន។
រយៈពេលជាង១ឆ្នាំកន្លងមកនេះ គេដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុងគោលដៅលុបបំបាត់គ្រឿងញៀនឲ្យអស់ចេញពីប្រទេសកម្ពុជាកុំឲ្យកូនខ្មែរធ្លាក់ជ្រៅក្នុងរណ្ដៅគ្រឿងញៀននេះ។
ដោយយុទ្ធនាការនេះ ត្រូវបានបង្ហាញលទ្ធផលជារៀងរាល់ថ្ងៃ និង តែងតែធ្វើការបូកសរុប បង្ហាញជាសាធារណៈផងដែរ ប៉ុន្តែគេឃើញចាប់តែអាតូចតាចកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ចំពោះអាគ្រាក់ៗមិនសូវហ៊ានក្បែរឡើយ។
មហាជនសង្ឃឹមថា ករណីមជ្ឈមណ្ឌលកម្សាន្តរ៉ក គឺ ជាការដាស់តឿន អាជ្ញាធរពាក់ព័ន្ធឲ្យកាន់តែមានសកម្មភាពយ៉ាងខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងក្លិបកម្សាន្តដទៃទៀត សមត្ថកិច្ចក៏ពុំគួរមើលរំលងដែរ ពិសេស ក្លិបកម្សាន្តណា ដែលមានឧកញ៉ា ឬ មន្ត្រីគ្រាក់ៗនៅពីក្រោយ។
អ្នកច្បាប់និយាយថា មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ចែងថា”អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀតដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្ដន្ទាទោស៥ឆ្នាំទៅ១០ឆ្នាំ និង ពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល។
មជ្ឈដ្ឋានមហាជននានាកំពុងរង់ចាំមើលថា តើសមត្ថកិច្ចជំនាញមានចំណាត់ការតាមច្បាប់ក្នុងកម្រិតណា ទៅលើថៅកែមជ្ឈមណ្ឌលកម្សាន្តរ៉ក ដ៏មានឥទ្ធិពលមួយនេះ គេសង្ស័យថា ក្តុងក្តាំងបានតែដំបូង លុះក្រោយមក ក៏ត្រូវថ្នាំសណ្ដំដេកងាប់ត្រគាកស្ដូក ស្ងាត់ដូចចោរលួចសេះ។
ពួកគាត់បន្តថា បើលើកនេះម្ចាស់ទីតាំងដ៏មានអំណាចគេចផុតពីសំណាញ់ច្បាប់បានមែននោះប្រជាពលរដ្ឋនឹងអស់ជំនឿឲ្យគាត់និយាយថាចាប់បានតែអាតូចតាច ហើយចំពោះអ្នកមានអំណាចនិងអ្នកមានលុយមានបុណ្យស័ក្ដិ មានភស្តុតាងប៉ុណ្ណឹងហើយ មិនហ៊ានប៉ះពាល់នោះទៀត។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅរសៀលថ្ងៃទី 25 កុម្ភៈនេះ អ្នកដែលមិនជាប់ពាក់ព័ន្ធ និងអ្នកដែលជាប់សារធាតុញៀន ត្រូវបានសមត្ថកិច្ចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ នៅសល់តែអ្នកពាក់ព័ន្ធជួញដូរគ្រឿងញៀនមួយចំនួនតែប៉ុណ្ណោះ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីបន្ទាប់ពីកសាងសំណុំរឿងចប់សព្វគ្រប់។
គួររំលឹកថា សមត្ថកិច្ចបានឆ្មក់ចូល ព័ទ្ធនៅមជ្ឈមណ្ឌលរ៉ក នៅវេលាម៉ោង 11 យប់ ថ្ងៃទី 22កុម្ភៈ តាមបទបញ្ជាផ្ទាល់ពី លោក ស ថេត ស្នងការនគរបាលរាជធានី ដឹកនាំកម្លាំងនគរបាលរាប់រយនាក់ នៃស្នងការដ្ឋានបានធ្វើការឡោមព័ទ្ធមជ្ឈមណ្ឌលរ៉ុក។
ប្រភពបន្តថា រហូតដល់ម៉ោង 1 និង 45 នាទី ទើបឆ្មក់ចូលដើម្បីធ្វើការបង្ក្រាបនៅខាងក្នុង ខណៈដែលមនុស្សប្រុស ស្រី ក្មេង ចាស់ ភាគច្រើនជាក្រុមយុវវ័យ កំពុងតែពពាក់ពពូនប្រៀបដូចឡើងឋានសួគ៌។
តាមប្រភពដដែលបានបន្តទៀតថា នៅក្នុងប្រតិបត្តិការគ្រឿងញៀនដ៏ធំមួយនេះ កម្លាំងមានសមត្ថកិច្ច បានចាប់ឃាត់ខ្លួនមនុស្សទាំងអស់នៅក្នុងមជ្ឈមណ្ឌលរ៉ុកនេះចំនួន៣១១នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ និងថ្នាំញៀនគ្រប់ប្រភេទចំនួនជិត៥០គីឡូក្រាម ហើយចាប់ផ្ដើមដឹកជញ្ជូនយកមកស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់ រហូតទល់ភ្លឺ។
រហូតដល់ថ្ងៃទី២៤កុម្ភៈ សមត្ថកិច្ចទៅឆែកឆេរម្តងទៀត បានរកឃើញថ្នាំញៀនជិត៣គីឡូក្រាមបន្ថែមទៀត សរុបជាង៥០គីឡូក្រាម កាំភ្លើងខ្លី១ដើម គ្រាប់មួយចំនួន។
ប្រភពបន្តថា បន្ទាប់ពីសមត្ថកិច្ចបង្កើតគណៈកម្មការគាស់ទូដែករបស់ លោកឧកញ៉ា គិត ធាង បានរកឃើញនៅក្នុងទូដែកសុទ្ធតែថ្នាំញៀន និងកាំភ្លើងខ្លី១ដើម គ្រាប់មួយចំនួន មិនមានប្រាក់នោះទេ រួមជាមួយឯកសារពាក់ព័ន្ធមួយចំនួនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments