អ្នកកាសែតម្នាក់ដែលត្រូវបានគេប្តឹងពីបទបរិហាកេរ្តិ៍បន្ទាប់ពីបានចោទប្រកាន់អតីតរដ្ឋមន្ដ្រីឥណ្ឌានិងជាបណ្ណាធិការព័ត៌មានជើងចាស់ឈ្មោះ M.J. Akbar អំពីការយាយីផ្លូវភេទគឺត្រូវបានធានាឲ្យនៅក្រៅឃុំក្នុងតុលាការក្រុង New Delhi កាលពីថ្ងៃចន្ទ។
តុលាការបានកំណត់សវនាការបន្ទាប់ក្នុងករណីព្រហ្មទណ្ឌរបស់លោក Akbar ប្រឆាំងនឹងលោកស្រី Priya Ramani នៅថ្ងៃទី១០ខែមេសា។
លោកស្រី Ramani ដែលអមដំណើរដោយអ្នកគាំទ្រអ្នកកាសែតល្បីឈ្មោះរបស់ឥណ្ឌាបាននិយាយប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសាលសវនាការថា “បន្ទាប់ពីនោះ វានឹងក្លាយជាវេនរបស់ខ្ញុំក្នុងការប្រាប់អំពីរឿងរ៉ាវរបស់ខ្ញុំហើយការពិតគឺជាការការពាររបស់ខ្ញុំ”។
លោក Akbar បានប្តឹងលោកស្រី Ramani កាលពីខែតុលាឆ្នាំមុននៅពេលនាងបានកំណត់អត្តសញ្ញាណរូបលោកនៅលើ Twitter ក្នុងនាមជាបណ្ណាធិការព័ត៌មានមិនបញ្ចេញឈ្មោះម្នាក់ដែលនាងបានរៀបរាប់ក្នុងរឿងមួយដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តី Vogue កាលពីឆ្នាំ២០១៧។
នៅក្នុងអត្ថបទនោះនាងបាននិយាយថា អ្នកនិពន្ធរូបនេះបានផ្តល់គ្រឿងស្រវឹងដល់នាងហើយបានលួងលោមនាងជាមួយបទចម្រៀងហិណ្ឌូចាស់និងបានអញ្ជើញនាងឲ្យអង្គុយក្បែរគាត់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារទីក្រុង Mumbai ដែលជាកន្លែងនាងបានជួបគាត់សម្រាប់ការសម្ភាសន៍ការងារមួយកាលពីប៉ុន្មានឆ្នាំមុន។
លោក Akbar បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាកាលពីឆ្នាំមុនចំពេលមានការចោទប្រកាន់ដោយស្ត្រី២០នាក់ដែលរងការយាយីផ្លូវភេទអំឡុងអាជីពលើកមុនរបស់គាត់ក្នុងនាមជាអ្នកនិពន្ធព័ត៌មានដ៏លេចធ្លោបំផុតរបស់ប្រទេសនេះ។
ស្ត្រីផ្សេងទៀតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានចោទប្រកាន់ថា លោក Akbar បានសម្ភាសន៍បេក្ខជនការងារនៅក្នុងបន្ទប់សណ្ឋាគារនៅពេលយប់ ស្ទាបអង្អែល ម៉ាស្សានិងបង្ខំថើបយុវជនហាត់ការនិងបុគ្គលិក។
ទោះបីជាយ៉ាងណាក៏ដោយ លោក Akbar អាយុ៦៨ឆ្នាំបានបដិសេធរាល់ការចោទប្រកាន់ដោយលើកឡើងនៅលើបណ្តាញសង្គមថា ពួកគេគឺជាផ្នែកមួយនៃយុទ្ធនាការដែលគេរៀបចំឡើងដើម្បីយកឈ្នះគណបក្សកាន់អំណាច Bharatiya Janata Party ក្នុងការបោះឆ្នោតទូទៅនៅខែឧសភា៕ AP
Source: Kampuchea Thmey Daily
0 Comments