ភ្នំពេញ ៖ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឲ្យដឹងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា ការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោតក្រុមប្រឹក្សា ចាប់ធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ/ខប) ហើយកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សា នឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អង្គប្រជុំ លោក ហ៊ែល សារ៉ាត់ បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត ក្នុងគោលដៅរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការិយាល័យបោះឆ្នោត ក្នុងក្រុង ស្រុក ខណ្ឌ នីមួយៗ។ តាមលោក ហ៊ែល សារ៉ាត់ មានការងារពីរ ដែល គ.ជ.ប ត្រូវរៀបចំចាត់ចែងក្នុងការត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ ដែលការងារនោះរួមមាន ទី១. ការងារបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត ក្នុងគោលដៅរៀបចំបញ្ជីបោះឆ្នោត ដែលត្រូវធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ គធ/ខប និងនៅសាលប្រជុំឃុំ សង្កាត់ ទូទាំងប្រទេស និងមានការផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។ ទី២. ដោយសារការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងប៉ុណ្ណោះ ដែលជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដូច្នេះការចុះឈ្មោះបោះឆ្នោត គឺត្រូវធ្វើនៅសាលាឃុំ សង្កាត់ តាមរបៀបស្រង់ឈ្មោះបញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប។
កាលបរិច្ឆេទ នៃការចុះឈ្មោះបោះឆ្នោតត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ លោក ហ៊ែល សារ៉ាត់ អះអាងថា នៅក្នុងរយៈពេលនៃការចុះឈ្មោះពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ គឺដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ដែលមានរយៈពេល១៥ថ្ងៃ ដោយមិនរាប់បញ្ចូលថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក កំណត់ដោយរាជរដ្ឋាភិបាលឡើយ។ ដំណាក់កាលទី២ បញ្ជូនបញ្ជីឈ្មោះ ដែលបានរៀបចំរួចពីឃុំ សង្កាត់ តាមឋានានុក្រម ដែលមានរយៈពេល៧ថ្ងៃ។
ដោយឡែកអ្នកត្រូវចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌមួយចំនួន គឺទី១, ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ និងមិនចាំបាច់បង្ហាញខ្លួនចំពោះមុខប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីទទួលព័ត៌មានអ្វីនោះឡើយ។
ទាក់ទងបញ្ជីបោះឆ្នោត លោក ហ៊ែល សារ៉ាត់ បានបញ្ជាក់ថា បញ្ជីបោះឆ្នោត ដែលត្រូវបានស្រង់បញ្ចូលឈ្មោះរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងរួចហើយ ត្រូវចុះហត្ថលេខាដោយមេឃុំ ចៅសង្កាត់ ហើយត្រូវបោះត្រារដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបន្តទៅរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត មានភារកិច្ចចុះពិនិត្យ និងផ្ទៀងផ្ទាត់ និងបញ្ជាក់ឯកភាពលើបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃឃុំ សង្កាត់ទាំងអស់ ដែលស្ថិតក្នុងក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តពាក់ព័ន្ធ ក្នុងករណីបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃឃុំ សង្កាត់ នីមួយៗមានលក្ខណៈត្រឹមត្រូវពិតប្រាកដ។
នៅក្នុងដំណើរការខាងលើនេះ គធ/ខប ត្រូវសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចុះទៅទទួលយកដោយផ្ទាល់ និងការចាត់ចែងបញ្ជូនបញ្ជីឈ្មោះ និងរបាយការណ៍របស់ឃុំ សង្កាត់ ទាំងអស់ ដែលស្ថិតក្នុងរាជធានី ខេត្ត ជូនអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់ឯកភាពលើបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងនៃឃុំ សង្កាត់ទាំងអស់ ដែលស្ថិតក្នុងរាជធានី ខេត្ត ទាំងអស់ សម្រាប់បញ្ជូនទៅ គ.ជ.ប ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បី គ.ជ.ប រៀបចំធ្វើជាបញ្ជីបោះឆ្នោតដំបូង។ ដោយឡែកនីតិវិធីក្នុងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង ការប្ដឹងតវ៉ា ការប្ដឹងជំទាស់ គ.ជ.ប នឹងជម្រាបជូននៅពេលក្រោយទៀត។
នៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតនេះផងដែរ គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមពិនិត្យមើលដំណើរការនេះ ដោយត្រូវដាក់ពាក្យសុំទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ហើយនីតិវិធីផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments