Ad Code

​ការស្ទង់មតិ​៖ ប្រជាប្រិយភាព​របស់លោក Macron បាន​កើន​ឡើងខណៈ​ការគាំទ្រ​ចលនា “​អាវកាក់​ពណ៌​លឿង​” ថយចុះ​



ការស្ទង់មតិ​មួយ​បានបង្ហាញ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ងើប​ឡើងវិញ​ដល់​កម្រិត​ដែល​មិន​ធ្លាប់​ត្រូវបាន​គេ​ឃើញ​ចាប់តាំងពី​ការតវ៉ា “​អាវកាក់​ពណ៌​លឿង​” បាន​ផ្ទុះឡើង​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខណៈ​ការគាំទ្រ​សម្រាប់​ចលនា​នេះ​បាន​ថយចុះ​។​

​ការ​ស្ទាបស្ទង់​របស់ Odoxa បាន​បង្ហាញថា មនុស្ស​ដែល​ពិចារណា​ថា លោក Macron ជា​ប្រធានាធិបតី​ដ៏​ល្អ​មួយរូប​បាន​កើនឡើង​ដល់​៣២​ភាគរយ​នៅក្នុង​ខែ​នេះ​ដែល​ស្មើ​ទៅនឹង​កម្រិត​នៅពេលដែល​ការតវ៉ា​បានចាប់ផ្តើម​ជា​លើកដំបូង​។​

ប្រជាប្រិយភាព​របស់គាត់​បាន​កើនឡើង​ខ្ពស់​វិញ​ចាប់តាំងពី​ធ្លាក់ចុះ​ដល់​២៧​ភាគរយ​កាលពី​ខែធ្នូ​ដែលជា​ចំណុច​ទាប​បំផុត​ក្នុង​តំណែង​ប្រធានាធិបតី​របស់គាត់​ខណៈដែល​ក្រុមអ្នកតវ៉ា​បាន​វាយលុក​តាម​ទីក្រុង​ប៉ារីស​និង​ទីក្រុង​ដទៃទៀត​ដោយ​វាយកម្ទេច​បង្អួច​និង​ដុត​រថយន្ត​។​

លោក Macron បាន​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​សិទ្ធិអំណាច​របស់គាត់​ពី​ការតវ៉ា​នេះ​ដែល​បានចាប់ផ្តើម​ដោយសារតែ​តម្លៃ​នៃ​ការរស់នៅ​ខ្ពស់​ប៉ុន្តែ​បាន​រីក​រាលដាល​ទៅជា​ចលនា​ដ៏​ទូលំទូលាយ​មួយ​ប្រឆាំងនឹង​អតីត​ធនាគារិក​វិនិយោគ​អាយុ​៤១​ឆ្នាំ​រូបនេះ​និង​កំណែទម្រង់​គាំទ្រ​ពាណិជ្ជកម្ម​របស់គាត់​។​
​ការស្ទង់មតិ​បានបង្ហាញ​ថា ៥៥​ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​ស្ទាបស្ទង់​មតិ​បាន​គិតថា ការតវ៉ា​គួរតែបញ្ឈប់​ដែល​នេះ​ជា​លើកទីមួយ​ហើយ​ដែល​មនុស្ស​ភាគច្រើន​បាន​គាំទ្រ​ចំពោះ​ការបញ្ឈប់​ចាប់តាំងពី​ពួកគេ​បានចាប់ផ្តើម​ឡើង​។​

បាតុកម្ម​ប្រចាំ​សប្ដាហ៍​ដោយ​បាតុករ​ជាទូទៅ​មាន​ទំហំ​តូច​និង​មិនសូវ​ហឹ​ង្សា​ទេ​ចាប់តាំងពី​វា​ឡើងដល់​ចំណុច​ខ្ពស់បំផុត​កាលពី​ខែធ្នូ​នៅពេល​រដ្ឋធានី​របស់​ប្រទេស​បារាំង​បាន​ជួបប្រទះ​កុបកម្ម ការបំផ្លិចបំផ្លាញ​និង​ការ​លួច​ប្លន់​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ តួលេខ​បាន​កើនឡើង​បន្តិច​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ក្រសួងមហាផ្ទៃ​បាន​ប៉ាន់​ស្មានថា មនុស្ស​៤៦,៦០០​នាក់​បាន​ចេញមក​តវ៉ា​ទៅ​ទូទាំងប្រទេស​សម្រាប់​ការតវ៉ា​ចុង​សប្តាហ៍​លើក​ទី​១៥​ជាប់ៗ​គ្នា​។​

​ប្រជាប្រិយភាព​របស់លោក Macron បាន​កើន​ឡើងវិញ​នៅពេលដែល​រដ្ឋាភិបាលរ​បស់​លោក​បាន​សន្យាថា​នឹងមាន​ការឆ្លើយតប​យ៉ាង​មុតមាំ​ចំពោះ​អំពើហិង្សា​របស់​អ្នក​តវ៉ា​ហើយ​លោក​បានចាប់ផ្តើម​ការជជែក​ដេញដោល​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកបោះឆ្នោត​ឡើងវិញ​ជាពិសេស​នៅតាម​តំបន់​ជនបទ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu