Ad Code

កំហឹង​ផ្ទុះ​ឡើងខណៈ​លោកស្រី May ស្នើសុំ​ពេលវេលា​បន្ថែមទៀត​ដើម្បី​កែប្រែ​កិច្ចព្រមព្រៀង Brexit



នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​សុំ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង Brexit របស់លោក​ស្រី​ហើយ​លោកស្រី​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ដោយសារ​ការ​លើកឡើងថា សភា​ប្រហែលជា​នឹង​មិនអាច​បោះឆ្នោត​លើ​អត្ថបទ​នេះ​បានទេ​រហូតដល់​១៧​ថ្ងៃ​មុនពេល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។​

មេដឹកនាំ​ពាណិជ្ជកម្ម​និង​សមាជិកសភា​បាន​ប្រតិកម្ម​ជាមួយនឹង​កំហឹង​និង​ការស្រងាកចិត្ត​ចំពោះ​ព័ត៌មាន​នេះ​។ វា​ក៏បាន​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ថ្មីៗ​ឲ្យ​ពន្យារពេល Brexit ផងដែរ​ដើម្បី​ចៀសវាង​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃទី​២៩​ខែមីនា​។​

​រដ្ឋមន្ត្រី​ចំនួន​៣​រូប​របស់​លោកស្រី May បាន​ព្រមាន​កាលពីដើម​ថា សភា​នឹង​ស្វែងរក​ការពន្យា​ពេល​ប្រសិនបើ​មិនមាន​ការទម្លាយ​ភាពទាល់ច្រក​ណាមួយ​ក្នុង​សប្តាហ៍​នេះ​ទេនោះ​។​
​លោកស្រី​បានលើកឡើង​លទ្ធភាព​នៃ​ការបោះឆ្នោត​មួយ​លើ​កិច្ចព្រមព្រៀង​របស់លោក​ស្រី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ប៉ុន្តែ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោកស្រី​នៅតែ​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។​

លោកស្រី​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អ៊ឺរ៉ុប​និង​អារ៉ាប់​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ថា “​នៅពេល​យើង​កំពុង​បន្ត​ជាមួយ​កិច្ចចរចា​ទាំងនោះ យើង​នឹងមិន​នាំមក​នូវ​ការបោះឆ្នោត​ដ៏​មាន​អត្ថន័យ​ដល់​សភា​នៅ​សប្តាហ៍​នេះ​ទេ​។ ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើង​នៅ​ថ្ងៃទី​១២​ខែមីនា​”​។​

​សមាជិកសភា​កាលពី​ខែ​មុន​បាន​ច្រានចោល​កិច្ចព្រមព្រៀង​ដកខ្លួន​របស់លោក​ស្រី​ហើយ​ចាប់តាំងពី​ពេល​នោះមក លោកស្រី May បាន​ព្យាយាម​ដោះស្រាយ​ក្តី​ព្រួយបារម្ភ​របស់​ពួកគេ​អំពី​ផែនការ​របស់ខ្លួន​ដែល​គេ​ហៅថា “Backstop” សម្រាប់​ព្រំដែន​រវាង​ប្រទេស​អៀរ​ឡង់​ខាងជើង​និង​ប្រទេស​អៀរ​ឡង់​ដែលជា​សមាជិក​សហភាព​អ៊ឺរ៉ុប​។​

លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk នៅ​ទីក្រុង Sharm el-Sheikh ហើយក៏​នឹងធ្វើ​កិច្ចចរចា​នៅឯ​កិច្ចប្រជុំ​កំពូល​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ផងដែរ​ខណៈដែល​ក្រុមការងារ​របស់លោក​ស្រី​នឹង​វិល​ត្រលប់​ទៅកាន់​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ​នៅ​ថ្ងៃ​អង្គារ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu