សៀមរាប ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា១ខ្នង ៥បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដែលជាអំណោយរបស់ប្រជាជនស្វីស នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អង់រីកូ សាលា (ENRICO SALA) សប្បុរសជនមកពីប្រទេសស្វីស បានថ្លែងថា ដោយមានការស្រឡាញ់ប្រជាពលរដ្ឋកម្ពុជា លោកបានប្រមូលថវិកាពីសប្បុរសជននៅប្រទេសស្វីស មកជួយដល់ប្រជាពលរដ្ឋប្រទេសកម្ពុជាតាមរយៈ លោកអ្នកឧកញ៉ា សៀង ណាំ ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល ទឹកស្អាត ជាដើម។
លោកបានបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩នេះ លោកបាននាំមកថវិកាពីសប្បុរសជននៅប្រទេសស្វីស មកជួយដល់ប្រជាជនកម្ពុជាជាពិសេស នៅខេត្តសៀមរាបនេះ មានចំនួនសរុប៣.៦៩១.៦៨២ដុល្លារអាមេរិក ក្នុងនោះមានសាងសង់អណ្ដូងទឹកជូនប្រជាពលរដ្ឋបានចំនួន៩៤១អណ្ដូង មណ្ឌលសុខភាពចំនួន១៦កន្លែង អគារសម្ភពចំនួន៩ខ្នង អគារសាលារៀន និងបណ្ណាល័យចំនួន៥៦ខ្នង។
លោកអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោក អង់រីកូ សាលា (ENRICO SALA) និងប្រជាជនស្វីស ដែលបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការជួយដល់ប្រជាជនកម្ពុជានៅខេត្តសៀមរាបនេះ។
លោកក៏បានចាត់ទុកសមិទ្ធផលទាំងនេះ ជាការចូលរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនៅតាមតំបន់ជនបទ នៃសៀមរាបនេះ។
ជាមួយគ្នានេះ ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ ក៏បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីឆ្លើយតបបានជាមួយនឹងទឹកចិត្តសប្បុរសជនបានជួយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments