សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦កុម្ភៈនេះ មានពិធីប្រកាស លោក ហង្ស ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួស លោក ស៊ុំ ម៉ាប់ ដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីនេះ ធ្វើឡើងនៅសាលប្រជុំរបស់អាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ.
ថ្លែងក្នុងពិធីនេះ លោក ស៊ុំ ម៉ាប់ អតីតអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលត្រូវឡើងទៅជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះ បាន មានប្រសាសន៍ថា ក្នុងការដឹកនាំរបស់លោកមួយរយៈនេះ លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះមន្ត្រីរាជការទាំងអស់។
លោកបន្តថា សូមជូនពរមន្ត្រីរាជការទាំងអស់ បន្តកិច្ចការអភិរក្សបន្តទៀត ប្រកបដោយភាពជោគជ័យ។ លោកបន្តថា លោកទៅកន្លែងថ្មី ក៏នឹងបន្តប្រឹងប្រែងបន្ថែមទៀតផងដែរ។
ក្នុងនោះដែរ លោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលទើបតែងតាំងថ្មីបានប្ដេជ្ញាថា នឹងខិតខំដឹកនាំធ្វើការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបុរាណវិទ្យាវប្បធម៌ បរិស្ថាន និងប្រវត្តិសាស្ត្រ នៃរមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាសិក្សាស្រាវជ្រាវរៀបចំគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានធម្មជាតិ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍ និងតុល្យភាពបរិស្ថាន ទឹក ព្រៃឈើ ព្រមទាំងគុណភាពដីផងដែរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរ បានកំពុងតែឈរនៅលំដាប់ថ្នាក់កំពូលលើពិភពលោកទាំង គោលដៅទេសចរណ៍ និងកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យបេតិកភណ្ឌ ហើយត្រូវបានគេមើលឃើញថា ការងារអភិរក្ស ស្រាវជ្រាវ របស់កម្ពុជា កំពុងតែឈានមុខ ក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ហើយរមណីយដ្ឋានអង្គរ ក៏បានក្លាយជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គការយូណេស្កូ សម្រាប់កិច្ចការអភិរក្ស ជួសជុល និងបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យនេះផងដែរ។
លោកជំទាវបានបន្តថា ក្រសួងវប្បធម៌ បានកំពុងតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងវប្បធម៌ ដោយធ្វើអ្វីមិនឲ្យមានការគំរាមកំហែងដល់រមណីយដ្ឋានអង្គរ និងប្រាង្គប្រាសាទផ្សេងៗទេ និងបន្តធ្វើការសិក្សា ស្រាវជ្រាវ និងស្នើដាក់តំបន់ប្រាង្គប្រាសាទ ទីក្រុង និងសម្បត្តិវប្បធម៌អរូបី ដែលមានតម្លៃលេចធ្លោជាសាកល បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋ រួមគ្នា ថែរក្សាការពារអង្គរ ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ រមណីយដ្ឋានអង្គរ បានកំពុងឈរលំដាប់កំពូលលើពិភពលោក ទាំងគោលដៅទេសចរណ៍ កិច្ចការអភិរក្ស និងស្រាវជ្រាវ។
លោកជំទាវបានបញ្ជាក់ថា ការងារអភិរក្ស ស្រាវជ្រាវ ថែរក្សាការពារសម្បត្តិបេតិកភណ្ឌនេះ មិនងាយស្រួលនោះទេ ដូច្នេះកូនខ្មែរទាំងអស់ ត្រូវចេះជួយ ចេះឈឺឆ្អាល ថែរក្សាការពារអង្គររបស់យើងឲ្យបានល្អ ខណៈដែលបច្ចុប្បន្ននេះមានជនជាតិបរទេសមួយចំនួន ដែលគេមិនមែនជាខ្មែរផង គេបានមកចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារជួសជុលប្រាសាទ អភិរក្ស ថែរក្សា អង្គរ។
លោកជំទាវ ភឿង សកុណា បានជំរុញឲ្យ លោក ហង្ស ពៅ ដែលទើបតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរាថ្មី ត្រូវត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីដឹកនាំការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរនេះឲ្យបានកាន់តែល្អ សំដៅធ្វើយ៉ាងណាថែរក្សានូវតម្លៃរបស់រមណីយដ្ឋានអង្គរ អត្តសញ្ញាណជាតិ ទាក់ទាញបាននូវភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរបានកាន់តែច្រើន ជាពិសេសបន្តលើកការងារសិក្សាស្រាវជ្រាវចងក្រងឯកសារសម្រាប់ធ្វើការអភិរក្សបេតិកភណ្ឌរបស់យើងឲ្យកាន់តែល្អបន្ថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments