Ad Code

គណបក្ស​ប្រឆាំង​របស់​អង់គ្លេស​លើកឡើង​ពី​ការ​រំពឹង​ទុក​នៃ​ការ​ធ្វើ​ប្រជាមតិ ​Brexit លើក​ទី​ពីរ



គណបក្ស​ពលករ​ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា ខ្លួន​អាច​គាំទ្រ​ការធ្វើប្រជាមតិ Brexit ជា​លើក​ទី​ពីរបាន​ដរាបណា​សហភាព​អឺរ៉ុប​បើកទ្វារ​ដើម្បី​ពន្យារពេល​ការចាកចេញ​របស់​ប្រទេស​ពី​ប្លុក​នេះ​ហួស​ពីថ្ងៃ​កំណត់​ថ្ងៃទី​២៩​ខែមីនា។

ចក្រភព​អង់គ្លេស​នៅតែមាន​ការបែកបាក់​លើ​បញ្ហា Brexit ដែល​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​បាន​គាំទ្រ​ក្នុង​ការធ្វើប្រជាមតិ​នៅ​ខែមិថុនា​ឆ្នាំ​២០១៦​ហើយ​មានការ​រំពឹងទុក​ថា ទីក្រុង​ឡុង​ដ៍​នឹង​ស្នើសុំ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ចរចា។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ​ថា សភា​ប្រហែលជា​នឹង​មិនអាច​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង Brexit របស់លោក​ស្រី​បានទេ​រហូតដល់​ថ្ងៃទី​១២​ខែមីនា​ពោលគឺ​មាន​រយៈពេល​ត្រឹមតែ​១៧​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាននិងកំពុង​ឃ្លាំមើល​ជាមួយ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​លទ្ធភាព​ដែលថា ចក្រភព​អង់គ្លេស​នឹង​ចាក​ចេញពី​ប្លុក​នេះ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ដែលជា​ហេតុ​នឹង​បង្ក​ឲ្យ​មាន​ចលាចល។

ការរំពឹងទុក​កំពុង​កើនឡើង​ថា សមាជិកសភា​នឹងធ្វើ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​ក្នុង​គោលបំណង​ពន្យារពេល​ការដកខ្លួន​របស់​ចក្រ​ភព​អង់គ្លេស​ដើម្បី​ចៀសវាង​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង។

គណបក្ស​ពលករ​កាលពី​ថ្ងៃ​ចន្ទ​បានលើកឡើង​នូវ​សម្ពាធ​ដោយ​និយាយថា ខ្លួន​នឹងដាក់​ផែនការ​ផ្ទាល់ខ្លួន​សម្រាប់ Brexit ដែល​អំពាវនាវ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​ស្ថិតនៅក្នុង​សហភាព​គយ​របស់​សហ​ភាព​អឺរ៉ុប​ដែលជា​ផ្នែក​មួយ​នៃ​ការបោះឆ្នោត​ទាំងនោះ។

បន្ទាប់មក​គណបក្ស​ពលករ​បាន​និយាយថា ប្រសិនបើ​គម្រោង​របស់​ខ្លួន​ត្រូវបាន​ច្រានចោល នោះ ខ្លួន​នឹង​ផ្តល់​ការគាំទ្រ​ដល់​ការធ្វើ​វិសោធនកម្ម​លើ​ការរៀបចំ​ប្រជាមតិ​ជា​លើក​ទី​ពីរ​ស្តីពី​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់។

មេដឹកនាំ​គណបក្ស​ពលករ​លោក Jeremy Corbyn បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​ប្តេជ្ញា​ដាក់ចេញ​ឬ​គាំទ្រ​ការធ្វើ​វិសោធនកម្ម​មួយ​ដើម្បី​គាំទ្រ​ដល់​ការបោះឆ្នោត​ជា​សាធារណៈ​ដើម្បី​ទប់ស្កាត់​ការបាត់បង់ Brexit ទាំង​បង្ខំ​លើ​ប្រទេស​នេះ”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu