Ad Code

​សូម​សរសើរ! ប៊ុន រតនា , លី​ឈី ដឹកនាំ​សិស្ស​៥៣៦នាក់ ​រើស​សំរាម​នៅ​តាកែវ និង​ចែក​សម្ភារៈ​សិក្សា​



​ភ្នំពេញ​ ៖ នាឱកាស​នៃ​ថ្ងៃ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​ថៅកែ​ឃ្លាំង​លក់​រថយន្ត S-Auto បាន​នាំយក​នូវ​សម្ភារៈ​សិក្សា​ជូន​សិស្សានុសិស្ស​ចំនួន​៥៣៦ នាក់ និង​អ្នកគ្រូ​លោកគ្រូ​ចំនួន ២៥​នាក់ ទទួលបាន​នូវ​សម្ភារៈប្រើប្រាស់​និង​ថវិកា​មួយចំនួន​ស្ថិតនៅ​សាលាបឋមសិក្សា​វត្ត​លើ​ស្រុក​គី​រី​វង់ ខេត្តតាកែវ។​ ដូចដែល​ប្រិយមិត្ត​បានដឹង​ស្រាប់​ហើយ​ថា​សម្រាប់​លោក ប៊ុន រតនា ហៅ​សេម និង កញ្ញា លី​ឈី ត្រូវបាន​ទទួលស្គាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក​ជា​គូស្នេហ៍​ចូលចិត្ត​រើស​សំរាម និង​ស្រលាញ់​នូវ​បរិស្ថាន។​

​ជា​ញឹកញាប់ គូស្នេហ៍​ដែល​ខាង​ប្រុស​ជា​អ្នកដឹកនាំ​សម្តែង​បទ​ល្បីៗ​ជាច្រើន​នៅក្នុង​ផលិតកម្ម ថោ​ន​ជាពិសេស​បទ «​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​» និង​បច្ចុប្បន្ន​​មានមុខ​ជំនួញ​ជា​ម្ចាស់​ឃ្លាំង​លក់​រថយន្ត S-Auto និង​ខាង​ស្រី ជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី Happy Life Show ក្នុង​ស្ថានីយទូរទស្សន៍​ថោ​ន តែងតែ​ដឹកនាំ​គ្នា​រើស​សំរាម​មិន​ថា​ទីជិត​ទី​ឆ្ងាយ ដោយ​ភ្ជាប់​ទៅជា​មួយ​គោលដៅ​កម្សាន្ត​ដែល​បាន​ទៅ។​


ជាក់ស្តែង​នៅ​ព្រឹក​នេះដែរ ភ្ជាប់​ដំណើរ​ទៅកាន់ សាលាបឋមសិក្សា​វត្ត​លើ​ស្រុក​គី​រី​វង់ ខេត្តតាកែវ ថៅកែ​ឃ្លាំង​លក់​រថយន្ត S-Auto និង ថៅកែ​លក់​ខោអាវ​នៅ​ផ្សារ​ថ្មី បាន​នាំយក​សម្ភារៈ​សិក្សា​ជូន​ដល់​សិស្ស​ចំនួន ៥៣៦ នាក់ បាន​ដឹកនាំ​សិស្ស​ទាំងអស់ សម្អាត​បរិស្ថាន ក្នុង​ទីធ្លា​សាលា ។​លោក សេម ថា ដូច​បានដឹង​ស្រាប់​ហើយ​ពួក​ខ្ញុំ​ទាំងពីរ​នាក់ ជា​អ្នក​ដែល​ចូលចិត្ត​រើស​សំរាម ដើម្បី​សំអាត​បរិស្ថាន​ហើយ​ការដឹកនាំ​ហើយ​ក្មេងៗ ទាំង ៥៣៦ នាក់​រើស​សំរាម​។​
​លោក សេម បញ្ជាក់ថា​គោលបំណង​ឲ្យ​ពួកគាត់​ចេះ​ស្រលាញ់​បរិស្ថាន ព្រោះថា​ក្មេងៗ​ជា​ទំពាំង​ស្នង​ឫ​ស្សី និង​ជា​ក្រដាស​ស​មួយ​សន្លឹក អាច​នឹង​ប្រឈម​គ្រប់ពេល តែបើ​យើង​បង្ហាញ​សកម្មភាព​គំរូ​ល្អ​បែបនេះ​ទៅ​គាត់​នឹង​ដក់​ក្នុង​អារម្មណ៍​ចេះ​សម្អាត និង​ស្រលាញ់​បរិស្ថាន ហើយនិង​បន្តសកម្មភាព​ទៅកាន់​មិត្តភក្តិ​គាត់​ផ្សេងៗ​ទៀត​។

​បន្ថែម​ពីលើ​នេះ​លោក សេម លើកឡើង​ទៀតថា​ផ្តើមចេញពី​យើង​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត នោះ​បរិស្ថាន ប្រទេស​របស់​យើង នឹង​ស្រស់ស្អាត​ឲ្យ​វា​សក្ដិ​សម​ទៅនឹង​ពាក្យ​មួយ​ឃ្លា​ថា បរិស្ថាន​ស្អាត សុខភាព​ល្អ។ ​លោក ប៊ុន រតនា និង កញ្ញា លី​ឈី បាន​បញ្ជាក់ថា សកម្មភាព​រើស​សំរាម​នេះ​ពួក​ខ្ញុំ​នឹង​បន្ត​ទៅកាន់​កន្លែង​ផ្សេងៗ​ទៀត ដោយ​មិន​ផ្អាក​ដំណើរ​នោះទេ ឲ្យ​សក្ដិ​សម​ឈ្មោះ​ពូ​សំរាម និង រាជិនី​សំរាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu