Ad Code

លទ្ធផល​ឆ្នោត​នីហ្សេរីយ៉ា​ ត្រូវ​បាន​ប្រកាស ​ប៉ុន្តែ​មានការ​អះអាង​អំពី​ការ​បន្លំ



គណបក្សប្រឆាំង​នីហ្សេរីយ៉ា​ កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​គណបក្ស​កាន់អំណាច​ថា​កំពុង​ព្យាយាម​បន្លំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្រប​ពេល​អ្នកកាន់អំណាច​កំពុង​នាំមុខ​ប៉ុន្តែ​ក្រុម​ឃ្លាំមើល​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​និង​អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់។

គណបក្ស Peoples Democratic Party (PDP) បាន​ចោទប្រកាន់​គណបក្ស All Progressives Congress (APC) របស់លោក​ប្រធានាធិបតី Muhammadu Buhari ពីបទ​ឃុបឃិត​ជាមួយ​គណៈកម្មាការ​បោះឆ្នោត​ដើម្បី​ប៉ុនប៉ង “​រៀបចំ​លទ្ធផល​ទុកជាមុន”។

ប្រធាន PDP លោក Uche Secondus បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា APC កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​និង​រដ្ឋមន្ត្រី​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​។ លោក​បាន​បន្ថែមថា “​វា​ហាក់ដូចជា​យើង​កំពុង​ស្ថិតនៅ​ក្នុងសម័យ​យោធា”។

ការចោទប្រកាន់​ដែល​ត្រូវបាន​ច្រានចោល​ដោយ APC ថា​ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ខូច​កិ​ត្ដិ​យស​ដល់​គណៈកម្មការ​និង​ដំណើរការ​មួយ​នេះ​បាន​កើតឡើង​ចំពេល​លោក Buhari ដែលជា​អតីត​មេដឹកនាំ​យោធា​កំពុង​នាំមុខ​នៅពេល​លទ្ធផល​ដំបូង​ត្រូវ​បានប្រកាស។

ខណៈ​រដ្ឋ​ចំនួន​១២​ត្រូវបាន​ប្រកាស​ហើយ​ការរាប់​សន្លឹកឆ្នោត​បាន​លើក​ពេល​នៅ​ថ្ងៃ​អង្គារ​នោះ​, លោក Buhari បាន​នាំមុខ​ចំនួន​ប្រាំពីរ​រដ្ឋ​ទល់នឹង​ប្រាំ​ជាមួយ​សំឡេងឆ្នោត​២,៩៧៦,៧២១​ទល់នឹង​២,៦៩០,៦១៦​លើ​អតីត​អនុ​ប្រធានាធិបតី​លោក Atiku Abubakar នៃ PDP ។

ដើម្បី​ឈ្នះ បេក្ខជន​មួយរូប​ត្រូវការ​សំឡេង​ភាគច្រើន​និង​ការគាំទ្រ​យ៉ាងតិច​២៥​ភាគរយ​ក្នុង​ចំនួន​ពីរភាគបី​នៃ​រដ្ឋ​ទាំង​៣៦​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​និង​ដែនដី​សហព័ន្ធ Abuja ។

មនុស្ស​សរុប​ចំនួន​៧២.៧​លាន​នាក់​គឺមាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ព្រមទាំង​ការបោះឆ្នោត​សភា​ដែល​បាន​ធ្វើឡើង​នៅក្នុងពេល​តែមួយ។

ការបោះឆ្នោត​នេះ​ដែលជា​លើក​ទី​៦​ក្នុង​រយៈពេល​២០​ឆ្នាំ​ចាប់តាំងពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​វិល​ត្រលប់​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​វិញ​ក្រោយពី​ការគ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្ស​គឺ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​, មួយ​សប្តាហ៍​បន្ទាប់ពី​ការពន្យារពេល​ចុងក្រោយ៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu