Ad Code

ទូរទស្សន៍​រុស្ស៊ី​បង្ហាញ​បញ្ជី​នៃ​គោលដៅ​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ការព្រមាន​របស់លោក ពូ​ទីន



ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​រុស្ស៊ី​ បានបង្ហាញ​បញ្ជី​នៃ​ទីតាំង​យោធា​របស់​សហរដ្ឋអាមេរិក ​ដែល​ក្រុង​មូ​ស្គូ​នឹង​កំណត់​គោលដៅ​ក្នុងករណី​មានការ​វាយប្រហារ​នុយក្លេអ៊ែរ​ ហើយ​បាន​និយាយថា មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ប្រទេស​រុស្ស៊ី​កំពុង​អភិវឌ្ឍ​គឺ​នឹង​អាច​វាយលុក​ពួកគេ​ក្នុង​រយៈពេល​តិចជាង​ប្រាំ​នាទី។

គោលដៅ​ទាំងនោះ​រួមមាន​ទាំង​មន្ទីរ​បញ្ច​កោណ​និង​វិមាន​ប្រធានាធិបតី​នៅក្នុង​តំបន់ Camp David នៃ​រដ្ឋ Maryland ផងដែរ​។​

របាយការណ៍​នេះ​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​, ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី វ្លា​ឌី​មៀរ ពូ​ទីន និយាយថា ក្រុង​មូ​ស្គូ​បាន​ត្រៀមខ្លួន​ផ្នែក​យោធា​រួចជាស្រេច​សម្រាប់​វិបត្តិ​ដូច “Cuban Missile” ប្រសិនបើ​សហរដ្ឋអាមេរិក​ចង់។

ខណៈ​ភាព​តានតឹង​បាន​កើនឡើង​ជុំវិញ​ការភ័យខ្លាច​របស់​រុស្ស៊ី​ដែលថា​អាមេរិក​អាច​នឹងដាក់​ពង្រាយ​មី​ស៊ី​ល​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប​ចំពេល​សន្ធិសញ្ញា​ទប់ស្កាត់​អាវុធ​សម័យ​សង្គ្រាមត្រជាក់​ត្រូវ​បែកបាក់​នោះ លោកពូ​ទីន​បាន​និយាយថា ប្រទេស​រុស្ស៊ី​នឹងត្រូវ​បង្ខំចិត្ត​ឆ្លើយតប​ដោយ​ការដាក់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ល្បឿន​លឿន​ជាង​សំឡេង​នៅលើ​នាវាមុជទឹក​ក្បែរ​ដែនទឹក​អាមេរិក។

មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ការគំរាមកំហែង​រប​ស់លោក​ពូ​ទីន​នឹង​ជួយ​បង្រួបបង្រួម​អង្គការ​ណា​តូ​។​

លោក Eric Pahon អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា “​រាល់​ពេលដែល​លោកពូ​ទីន​ចេញ​នូវ​ការគំរាមកំហែង​និង​អួតអាង​លើ​ឧបករណ៍​ថ្មី​របស់គាត់ គាត់​គួរតែ​ដឹងថា គាត់​នឹងធ្វើ​ឲ្យ​ការតាំង​ចិត្ត​របស់​អង្គការ​ណា​តូ​កាន់តែ​ល្អប្រសើរ​ឡើង​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​សន្តិសុខ​រួម​របស់​យើង​”​។​

អ្នកវិភាគ​មួយចំនួន​បាន​មើលឃើញ​វិធីសាស្ត្រ​របស់គាត់​ថា​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ព្យាយាម​ចូលរួម​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ការជជែក​ពិភាក្សា​អំពី​តុល្យ​ភាពជា​យុទ្ធសាស្ត្រ​រវាង​មហាអំណាច​ទាំងពីរ​ដែល​ប្រទេស​រុស្ស៊ី​បាន​ជំរុញ​ជា​យូរ​មកហើយ​។​
ក្នុងការ​ចាក់ផ្សាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោក Dmitry Kiselyov ដែលជា​ពិធីករ​ទូរទស្សន៍​ប្រចាំ​កម្មវិធី​ព័ត៌មាន “Vesti Nedeli” បានបង្ហាញ​ផែនទី​របស់​សហរដ្ឋអាមេរិក​និង​បានកំណត់​គោលដៅ​ជាច្រើន​ដែល​លោក​និយាយថា ក្រុង​មូ​ស្គូ​ចង់​វាយប្រហារ​នៅក្នុង​ព្រឹត្តិការណ៍​មាន​សង្គ្រាម​នុយក្លេអ៊ែរ។

លោក Kiselyov ដែល​ជិតស្និទ្ធ​នឹង​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា មី​ស៊ី​ល Tsirkon ឬ Zircon ដែល​រុស្ស៊ី​កំពុង​អភិវឌ្ឍ​អាច​វាយលុក​គោលដៅ​ក្នុង​រយៈពេល​តិចជាង​ប្រាំ​នាទី​បើសិនជា​បាញ់​ចេញពី​នាវាមុជទឹក​រុស្ស៊ី​៕ REUTERS


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu