Ad Code

លោក​រដ្ឋមន្ត្រី វេ​ង សាខុន ដឹក​នាំ​កិច្ចប្រជុំ​ពិនិត្យ តាមដាន​និង​វាយតម្លៃ ការអនុវត្ត​គម្រោង នានា​ដើម្បី រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ



​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី វេ​ង សាខុន នា​ព្រឹក​ថ្ងៃ​ច័ន្ទ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ តាមដាន​និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ក្របខណ្ឌ​វិស័យ​កសិកម្ម និង​ពាក់ព័ន្ធ​វិស័យ​កសិកម្ម ហើយ​និង​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ដាក់ចេញ​នូវ​វិធានការ ឬ​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​។



​បន្ទាប់ពី​មន្ត្រី​បង្គោល​បាន​ធ្វើ​បទ​បង្ហាញជូន​អង្គប្រជុំ​បាន​ជ្រាប​ពី​វឌ្ឍនភាព​របស់​គម្រោង​ដែល​ទាក់ទង​នឹង​ប្រធានបទ​ទី​១- គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍ​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប ទី​២- ការអភិវឌ្ឍ​អនុវិស័យ​ជន​ផល ទី​៣- កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​លើកយក​ចំណុច​សំខាន់ៗ​មក​បកស្រាយ​ដូចជា​កញ្ចប់​ថវិកា​ដែល​ត្រូវ​ចំណាយ ពេល​វា​លា​អនុវត្ត​គម្រោង ខេត្ត​គោលដៅ វិធីសាស្ត្រ​អនុវត្ត​គម្រោង លទ្ធផល​អន្តរកាល លទ្ធផល​រំពឹង​ទុក បញ្ហា​ប្រឈម ការ​ចោទសួរ និង​ចម្លើយ​របស់​សមាជិក សមាជិកា​និង​ជាពិសេស​ពី​លោក​រដ្ឋមន្ត្រី​ផ្ទាល់ លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ស្ថាប័ន មន្ត្រី​បង្គោល និង​មន្ត្រី​អនុវត្ត​គម្រោង​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ជួយ​ជ្រោមជ្រែង សហការ​ក្នុងការ​អនុវត្ត​គម្រោង​នានា​រហូត​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​។



លោក រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា ​កិច្ចសហការ​ដ៏​ប្រពៃ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​ប្រយោជន៍​ ដើម្បី​កំណើនសេដ្ឋកិច្ច ការកែប្រែ​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ​។ ជា​ក្រឹត្យ ក្រម​សត្យានុម័ត ការអនុវត្ត​គម្រោង​ជាក់ស្តែង​នៅ​មូលដ្ឋាន​តែងតែ​ផលិត​បាន​នូវ​លទ្ធផល​ល្អ ហើយក៏​ប្រទះ​បាន​នូវ​ចំណុច​ខ្វះខាត ដូច្នេះ ដើម្បី​បង្កើន​ចំណុចខ្លាំង​ថែមទៀត កាត់បន្ថយ​ចំណុចខ្សោយ និង​បន្ត​ធ្វើ​នវានុវត្តន៍​នូវ​រាល់​ផែនការ​សកម្មភាព​អនុវត្ត​គម្រោង​ឲ្យ​បាន​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក លោក រដ្ឋមន្ត្រី​បាន​ជូន​អនុសាសន៍​ណែនាំ​សំខាន់ៗ​ដល់​មន្ត្រី​បង្គោល និង​មន្ត្រី​អនុវត្ត​គម្រោង​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖



១- មន្ត្រី​ដែល​ចូលរួម​រៀបចំ ដឹកនាំ និង​អនុវត្ត​គម្រោង​ត្រូវ​ជ្រើសរើស​កម្មវត្ថុ​របស់​គំរោង​ឲ្យ​បាន​សមស្រប​តាម​ផែនការ​នយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ និង​កំណើន​សេដ្ឋកិច្ចជាតិ និង​ប្រជាជន​គឺជា​រួមការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ ហើយ​ត្រូវ​តម្រង់​ឲ្យ​ចំ​គោលដៅ​នៃ​សេចក្តីត្រូវការ​របស់​អ្នក​ទទួលផល​ពី​គម្រោង​ជាក់ស្តែង ជាពិសេស​លទ្ធផល​រំពឹង​ទុក​គឺ​ត្រូវ​ឆ្លើយតប​ទៅតាម​ឆន្ទៈ និង​សូចនាករ​របស់​រាជ​រដ្ឋាភិបាល៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu