Ad Code

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អំពាវនាវ​ឲ្យ​យុវវ័យ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​នៅក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់



ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​អំពាវនាវ​ឲ្យ​យុវវ័យ​កម្ពុជា​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​នៅក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ដែលមាន​យុវវ័យ​ខ្លះ​បាន​ប្រព្រឹត្តិ​នូវ​អំពើ​មិន​គប្បី​ប្រាសចាក​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​។

លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ណែនាំ​ដល់​យុវវ័យ​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​១០០​ភាគរយ​នៅក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ថ្ងៃ​១៤​កុម្ភៈ​ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​ ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ​និង​កំពុង​បន្ត​ចម្លង​ដល់​មនុស្ស​គ្រប់​រូប​ពិសេស​យុវវ័យ​។

ការ​អំពាវនាវ​នេះ​ ដោយសារតែ​ជា​រៀងរាល់​ឆ្នាំ​មាន​យុវវ័យ​មួយចំនួន​តូច​បាន​ចាត់ទុក​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​ គឺជា​ថ្ងៃបុណ្យ​សង្សារ​ដោយ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដូចជា​ទិញ​ផ្កា​ឲ្យ​គ្នា​ទៅវិញទៅមក​និង​ខ្លះទៀត​បាន​ដើរលេង​កំសាន្ត​សប្បាយ​រហូតដល់​ប្រគល់​ខ្លួនប្រាណ​ដល់​សង្សារ​របស់ខ្លួន​ទៀតផង​។

លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី បាន​មានប្រសាសន៍ថា​មានតែ​ការប្រើប្រាស់​ស្រោមអនាម័យ​តែមួយគត់​ដែល​អាច​បង្ការ​ការ​ចម្លង​ជំងឺអេដស៍​បាន​ព្រោះថា​ គេ​មិន​ដឹង​ថា​ដៃគូ​ដែល​អ្នក​រួមភេទ​នោះ​មាន​ផ្ទុក​ ឬ​ មិន​មាន​ផ្ទុកមេរោគ​អេដស៍​ឡើយ​។ ដូចនេះ​យុវវ័យ​មិន​ត្រូវ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​ជា​ថ្ងៃ​សម្រាប់​បូជា​ខ្លួនប្រាណ​នោះទេ​ត្រូវធ្វើ​ខ្លួន​ជាម​នុស្ស​ល្អ​គោរព​ទៅតាម​ប្រពៃណី​ដ៏​ល្អ​របស់​ខ្មែរ​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។

លោក​វេជ្ជបណ្ឌិត តែង គ​ន្ធី បាន​ជំរុញ​ឲ្យ​យុវវ័យ​គួរតែ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​បង្វែរ​ទៅជា​ថ្ងៃ​នៃ​ការគោរព​ស្រលាញ់​មា តា​បិតា លោកគ្រូ​អ្នកគ្រូ​ចាស់ព្រឹទ្ធាចារ្យ​ដើម្បី​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម​និង​តម្លៃ​ស្ត្រី​ខ្មែរ​ឲ្យ​កាន់តែ​ផូរផង់​ថែមទៀត​។

ប្អូនស្រី ស្រេង ច័ន្ទ​មុន្នី​ណេ​ត និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ណែនាំ​ដល់​និស្សិត​ត្រូវ​ប្រែក្លាយ​ទិវា​នៃ​ក្តី​ស្រលាញ់​ទៅ ជា​ការ​ខិតខំ​រៀនសូត្រ​និង​ធ្វើអំពើ​ល្អ​នៅក្នុង​សង្គម​វិញ​ដោយ​មិន​ត្រូវ​យក​ថ្ងៃ​១៤​កុម្ភៈ ​ទៅ​ប្រព្រឹត្តិ​អំពើ​ខុសឆ្គង​នឹង​ប្រពៃណី​ឡើយ​។

ប្អូនស្រី​បាន​បន្តថា​«​ខ្ញុំ​គិតថា​ថ្ងៃ​១៤​កុម្ភៈ​ហ្នឹង ​គឺ​មាន​ផល​អវិជ្ជមាន​និង​វិជ្ជមាន​គឺ​ក្នុងករណី​យុវវ័យ​យក​ថ្ងៃនេះ​ទៅ​ប្រព្រឹត្តិ​អំពើ​មិន​សមរម្យ​នៅក្នុង​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​នាំ​ឲ្យ​បំផ្លាញ​ដល់​សង្គមជាតិ​កម្ពុជា​»​។

ប្អូនប្រុស ហ៊​ន ម៉េង​ស័ង និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​យក​ថ្ងៃ​១៤​កុម្ភៈ​ទៅ​ជួបជុំ​ជាមួយ​ឪពុកម្តាយ​បង្ហាញ​ការគោរព​ដឹងគុណ​ចំ​ពើ​គាត់​ដែល​បាន​ចិញ្ចឹម​បីបាច់​និង​ផ្តល់​នូវ​អ្វីៗ​គ្រប់យ៉ាង​ដល់​ប្អូន​បាន​សិក្សា​រហូតដល់​មហាវិទ្យាល័យ​។​ ប្អូន​បាន​បន្ត​ថា ​ប្អូន​នឹង​ខិតខំ​រៀនសូត្រ​ស្តាប់​បង្គាប់​ឪពុកម្តាយ​និង​ប្រព្រឹត្តិ​តែ​អំពើ​ល្អ​នៅក្នុង​សង្គម​។

ចំណែក​ក្រសួង​កិច្ចការ​នារី​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវវ័យ សូមកុំ​យល់​ខុសពី​អត្ថន័យ ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​១៤ កុម្ភៈ ឬ​ប្រើប្រាស់​ថ្ងៃនេះ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ពុំគប្បី​ដែល​ប្រាសចាក​ពី​សីលធម៌ វប្បធម៌ និង​ប្រពៃណី​សង្គម​ខ្មែរ​។

​តាមរយៈ​សេចក្ដី​អំពាវនាវ​នេះ ក្រសួង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទាំងអស់ ពិសេស​យុវវ័យ សូម​បង្ហាញ​ក្តី​ស្រលាញ់ សម្រាប់​មាតាបិតា ក្រុម​គ្រួសារ​អ្នកគ្រូ លោកគ្រូ មិត្ត​ភ័​ក្រ និង​គូ​សង្សារ ដោយ​សេចក្តីថ្លៃថ្នូរ ទទួលខុសត្រូវ និង​ផ្តល់​តម្លៃ​ដល់​អ្នក​ទាំងនោះ ក៏ដូចជា​ការ​ផ្តល់​តម្លៃ​ដល់​ខ្លួនឯង​។

ក្រសួង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ជា​ពិសេស​យុវវ័យ​កុំ​យល់​ខុសពី​អត្ថន័យ ទិវា​នៃ​ក្តី​ស្រលាញ់ ថ្ងៃ​១៤ កុម្ភៈ ឬ​ប្រើប្រាស់​ថ្ងៃនេះ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​ពុំគប្បី​ដែល​នាំ​ឲ្យ​ប្រាសចាក​ពី​សីលធម៌ វប្បធម៌ និង​ប្រពៃណី​សង្គម​ខ្មែរ​។



​រីឯ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ចេញ​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រ​លាញ់​នៅ​តាម​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​ដោយសារតែ​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ដែលជា​ទិវា​នៃ​ក្តី​ស្រ​លាញ់​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា​ជា​បុណ្យ​សង្សារ​ ឬ​ ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ​ហើយ​មាន​សិស្ស​ខ្លះ​បាន​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​បាត់បង់​កិត្តិយស​សេចក្តីថ្លៃថ្នូ​ររ​បស់​ខ្លួន​និង​ក្រុមគ្រួសារ​ប្រាសចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​។

ដើម្បី​ការពារ​នូវ​សេចក្តី​ថ្លៃថ្នូរ​នេះ​ ក្រសួង​បាន​ចេញ​វិធានការ​មួយចំនួន​ក្នុ​ងនោះ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​សិស្ស​មានការ​យល់​ច្រឡំ​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទ​បញ្ចា​ផ្ទៃក្នុង​សាលា​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​តាមដាន​អវត្តមាន​សិស្ស​ជាប្រចាំ​ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​ការ​ផ្តល់ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​មិនប្រក្រតីរ​បស់​សិស្ស​ដើម្បី​សហការ​អប់រំ​ណែនាំ​កែលម្អ​សិស្ស​បាន​ទាន់​ពេល​វេលា​។

ក្រសួង​អប់រំ​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​មិន​ត្រូវ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​ទៅ​ប្រព្រឹត្តិ​អ្វី​ដែល​ខុស​កន្លង​ប្រពៃណី​ខ្មែរ​និង​ខុសពី​អត្ថន័យ​ដើម​នៃ​ទិវា​នេះ​ទេ​ត្រូវ​រក្សា​តំលៃ​ខ្លួន​និង​ក្រុមគ្រួសារ​និង​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គោ​ពរ​ព​វិន័យ​សាលា​និង​យក​ល្អ​គួរ​យក​ទិវា​នេះ​ទិញ​ផ្កា​ជួន​មាតាបិតា​លោកគ្រូ​អ្នកគ្រូ​និង​មិត្តភក្តិ​របស់ខ្លួន​ដើម្បី​សំដែង​នូវ​ដឹងគុណ​និង​ការគោរព​ស្រលាញ់​វា​ប្រសើរ​ជាង​។

គួរ​បញ្ជាក់​ថា ​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា “​ទិវា​នៃ​សេចក្ដីស្រលាញ់​” មាន​ដើមកំណើត​ចេញពី​អាណាចក្រ​រ៉ូម ដែល​សព្វ​ថ្ងៃជា (​ប្រទេស​អ៊ីតាលី​) នា​សតវត្ស​ទី​៣ នៃ​គ​.​ស ដែលមាន​ស្ដេច​មួយអង្គ ឈ្មោះថា Claudius ។​ស្ដេច​មួយអង្គ​នោះ​ទ្រង់​ជាម​នុស្ស​ល្មោភ​នឹង​អំណាច​ទឹកដី មួយថ្ងៃៗ​គិតតែ​ពី​ធ្វើសង្គ្រាម ដើម្បី​ពង្រីក​អាណាចក្រ​របស់ខ្លួន​មិន​គិតពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ​។

ស្ដេច Claudius គាត់​បានចេញ​ព្រះរាជសា​ឲ្យ​ប្រជាពលរដ្ឋ​ប្រុសៗ​ពេញវ័យ​ឲ្យ​ជាប់​កាតព្វកិច្ច​យោធា​ទាំងអស់ ហើយ​ហាមប្រាម​មិន​ឲ្យ​មានការ​រៀបការ​នោះទេ សូម្បីតែ​អ្នក​ដែល​បាន​ភ្ជាប់ពាក្យ​ហើយក៏​ត្រូវតែ​ផ្ដាច់​ពាក្យ​វិញ​ដែរ​។ ជាពិសេស​អ្នក​ដែល​ល្មើសច្បាប់​នេះ ក៏​ត្រូវ​មានទោស​ប្រហារ​ជីវិត​តែម្ដង​។ ប៉ុន្ដែ​នាពេលនោះ មាន​លោក​អាចារ្យ​ម្នាក់​ឈ្មោះថា Valentine គាត់​បាន​មើលឃើញ​នូវ​ស្ថានភាព ដ៏​អយុត្តិធម៌​បែបនេះ គាត់​មិន​ពេញចិត្ត​នោះទេ​។

ក្រោយមក​មាន​យុវជន​ប្រុស​ស្រី​មួយ​ក្រុម បាន​សុំ​ឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ពួកគេ​។ ជា​បន្ត​បន្ទាប់​មក​ទៀត​ក៏​មាន​យុវជន​ផ្សេងៗ​ទៀត ក៏បាន​មក​សុំ​ឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដល់​ពួកគេ ដូច​គូរ​មុនៗ​ដែរ​។

ថ្ងៃមួយ​ដំណឹង​នេះ​ក៏បាន​លេចឮ​ដល់​ស្ដេច Claudius ទ្រង់​ក៏បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក​អាចារ្យ Valentine យកមក​ដាក់ទោស ដោយ​ការ​ធ្វើ​ទារុណកម្ម​រហូតដល់​លោក​បាន​បាត់​បង់ជីវិត​នៅក្នុង​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២៧០ នៃ​គ​.​ស​។ ម្ល៉ោះហើយ​គូរ​ស្នេហ៍​ដែល​ត្រូវបាន​លោក​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ មានការ​អាណិត និង​ស្រលាញ់​លើ​រូបលោក ក៏បាន​យក​សាកសព​របស់​លោក​ទៅ​បញ្ចុះ​នៅឯ​វិហា​មួយ ដែល​មាន​ឈ្មោះថា Sauta Pula ហើយ​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា​ទិវា​នៃ​សេចក្ដីស្រលាញ់ នៅក្នុង​ថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បី​រំលឹក​ដល់​លោក​ជា​រៀងរាល់ឆ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu