ភ្នំពេញ ៖ ទីបំផុតរឿងរ៉ាវនៃជីវិតពិតរបស់អតីតតារាសម្ដែងប្រុសជើងចាស់ល្បីល្បាញនាទសវត្សរ៍៩០គឺលោក ទេព វាសនា ត្រូវបានប្រភពពីអ្នកសិល្បៈរួមអាជីពលើកយកមកធ្វើការលាតត្រដាងស្របពេលដែលមានព័ត៌មានថា លោកបានទទួលមរណភាព ក្រោយពេលបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ។
បើយោងតាមការទម្លាយនៅលើផេក Movie star research របស់អ្នកនាង ស៊ិន ឧត្ដមផល្លា បានរៀបរាប់ស្រាយចម្ងល់មហាជនថា អតីតតារាសម្ដែងលោកទេព វាសនា មិនបានទទួលមរណភាពដូចពាក្យចចាមអារ៉ាមឡើយ តារារូបនេះនៅមានជីវិត។ យើងខ្ញុំនៅតែបន្តស្រាវជ្រាវអំពីដំណឹងអតីតតារាចម្រៀងនិងតារាសម្ដែងជើងចាស់ដើម្បីអោយពុកម៉ែបងប្អូនអស់ចម្ងល់ថា តើគាត់កំពុងតែរស់នៅឯណា ? មានមុខងារជាអ្វី ? នឹងមុខមាត់រូបរាងរបស់គាត់ពីមុននិងបច្ចុប្បន្នប្រែប្រួលយ៉ាងណាទៅហើយ ?។
ប្រភពបានបញ្ជាក់ថា អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្សរ៍៩០ គឺលោក ទេព វាសនា គេនៅចាំបានថាលោក ទេព វាសនា គឺតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបក្នុងពិភព KARAOKE ស្ទើរតែគ្រប់ផលិតកម្មអស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលតារារូបនេះបានដកខ្លួនចេញពីពិភពសិល្បៈ ដែលធ្វើឲ្យការបាត់ខ្លួននេះក្លាយជាពាក្យចចាមអារ៉ាមថាលោកបានទទួលមរណភាពទៀតផង ។
អ្នកនាង ស៊ិន ឧត្តមផល្លា បន្តទៀតថា ដោយសារតែមិនធ្លាប់មានសារព័ត៌មានណាមួយចុះផ្សាយ អំពីដំណឹងរបស់លោកជាហេតុធ្វើឲ្យការបាត់ខ្លួននេះ នៅតែឋិតក្នុងភាពអាថ៌កំបាំងប៉ុន្តែតាមការពិតលោក ទេព វាសនា នៅមានជីវិតនៅឡើយ។ គួរបញ្ជាក់ផងដែរថាសព្វថ្ងៃនេះ លោក ទេព វាសនា មានវ័យ៤៥ឆ្នាំ ហើយលោកមានកូនចំនួន៣នាក់ស្រីពីរនិងប្រុសមួយ។
ប្រភពដដែលនេះបានបន្ថែមថា បច្ចុប្បន្នលោកទេព វាសនា កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកក៏មានឋានៈជាឯកឧត្ដមផងដែរ និងមានតួនាទីដ៏សំខាន់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាលទៀតផង។ ដូច្នេះហើយតាមរយៈការទម្លាយរបស់តារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា អាចធ្វើឲ្យទស្សនិកជនបានដឹងកាន់តែច្បាស់នៃការបាត់មុខលោក ទេព វាសនា ពីអាជីពសិល្បៈរហូតមានដំណឹងថាទទួលមរណភាព ប៉ុន្តែជាដំណឹងការពិតគឺលោកនៅមានជីវិតនៅឡើយ៕
Source: Kampuchea Thmey Daily
0 Comments