ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្លាំងមួយក្រុម ចុះចាប់មុខសញ្ញានៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលសង្ស័យការចុះចាប់ខុសប្រក្រតី ដោយអនុវត្តបញ្ជារបស់ថ្នាក់លើ ទើប លោក សុខ ពេញវុធ ដែលជាប្រធានគណៈបញ្ជាឯកភាពខណ្ឌដូនពេញ បានដឹកនាំអធិការ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះទៅដល់កន្លែងកើតហេតុនោះភ្លាមៗ ដើម្បីឃាត់ពីសកម្មភាពនោះបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់ផងដែរ។
កម្លាំងស៊ីវិលដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញឃាត់ខ្លួននោះ គឺជាកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលមានគ្នា៤ ទៅ៥នាក់ ក្នុងនោះក៏មានវត្តមាន លោក ឃីង សារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន ដែលលោកដឹកនាំកម្លាំងចុះទៅបង្ក្រាបគ្រឿងញៀន កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមុខក្តាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុនោះបានឲ្យដឹងថា កម្លាំងស៊ីវិលដែលចុះមកចាប់មុខសញ្ញា នៅចំណុចខាងមុខក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនាយប់នោះ គេមើលឃើញពីសកម្មភាពនោះហាក់ដូចជាខុសប្រក្រតី ក៏មានការរាយការណ៍មកទៅលោកអភិបាលខណ្ឌដូនពេញ ពីសកម្មភាពនោះ ទើប លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រញាប់ដឹកនាំកម្លាំងខណ្ឌដែលមាន លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចុះទៅឃាត់កម្លាំងស៊ីវិលទាំងនោះ ដោយប្រើវិធានការរបស់ថ្នាក់លើ បញ្ជាឲ្យនាំពួកគាត់ទាំងនោះដែលមានវត្តមានលោកផ្កាយពីរ ឃីង សារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បើទោះបីមានការរ៉ាយរ៉ាប់ពីហេតុផលយ៉ាងណា ក៏ត្រូវនាំទៅស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់នោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments