Ad Code

អាជីវករ​ លក់ដូរ​គ្រឿង​បន្លាស់​ និង​ជួសជុល​ម៉ូតូ​ នៅមុខ​ផ្សារ​ហេង​លី​ រំលោភ​យក​ចិញ្ចើម​ផ្លូវ​គ្មាន​សល់​សម្រាប់​អ្នក​ថ្មើរ​ជើង



ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ ​ក៏ដូចជា​អ្នកដំណើរ​ជាច្រើន​ បាន​សំដែង​ការរិះគន់​យ៉ាង​ខ្លាំង ​ទៅលើ​គណៈ​កម្មការ​គ្រប់គ្រង​ផ្សារ​ ហេង ​លី ​ក៏ដូចជា​អាជ្ញាធរ​សង្កាត់ ​និង​អាជ្ញាធរ​ខណ្ឌ​ទួលគោក ​ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​បងប្អូន​អាជីវករ​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ​នេះ​ យ៉ាង​អនាធិបតេយ្យ​រក​កន្លែង​ដើរ​មិនឃើញ​ទេ។

បងប្អូន​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​កំណាត់​ផ្លូវ​លេខ​២៧១​ ចាប់ពី​ស្តុ​ប​nokia​ ដល់​ផ្លូវ​ទេព​ផន​ក្នុង​សង្កាត់ ទឹកល្អក់​ទី​៣ ឃើញថា​ ប្រជាពលរដ្ឋ​បានមក​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ស្ទើរ​ទាំងស្រុង​ មិន​ឲ្យ​អ្នកដំណើរ​ថ្មើរជើង​ដើរ​លើ​ចិញ្ចើមផ្លូវ​នេះ​បាន​ឡើយ។



ហេតុនេះ​ហើយ​ បងប្អូន​ប្រជាពលរដ្ឋ​ សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ចុះ​ពិនិត្យ និង​រៀបចំ​សណ្ដាប់​ធ្នាប់​លើផ្លូវ​នេះ​ឲ្យ​បានល្អ​ឡើងវិញ​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បាន​ងាយ​ស្រួល​ឡើងវិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមកនេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ ​លោក ​ឃួ​ង ស្រេង ​អភិបាល តែង​បាន​ណែនាំ​ដូចជា ​កោះ​ប្រជុំ​ជារឿយៗ​ ដើម្បី​ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អប្រសើរ ពិសេស​កំណាត់​ផ្លូវ​ទាំង​១១ នៅ​កណ្ដាល​ក្រុង​តែម្ដង។ ប៉ុន្តែ​ការ​ណែនាំ​ទាំងនេះ​ហាក់ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​សោះ ដោយសារតែ​ខណ្ឌ​មួយចំនួន​បាន​អនុវត្ត​តាម តែ​ខណ្ឌ​ផ្សេងទៀត​មិន ព្រម​អនុវត្ត ដោយ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​នៅឡើយ ពិសេស​ គឺ​លើ​ទីតាំង​ដែលមាន​ខ្នងបង្អែក​ក្រាស់​ស្រាប់​តែម្ដង ដោយ​ពួកគេ​ហាក់ដូចជា ​មិន​អើពើ​នឹង​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឡើយ។



គេ​បាន​កត់​សម្គាល់​ឃើញ​ហើយ​ថា កន្លងមកនេះ​ អាជ្ញាធរ​ខណ្ឌ​ទួលគោក ​ដឹកនាំ​ដោយ​ លោក ​ឯក​ឃុន ដឿ​ន​ ជា​អភិបាលខណ្ឌ គឺ​ពិតជា​បាន​ដឹកនាំ​ និង​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​ជាច្រើន​ផ្លូវ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។ ​ប៉ុន្តែ​មិនដឹងថា​ហេតុអ្វី​បានជា​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​មុខ​ផ្សារ​ហេង​លី​ នេះ ​បែរជា​បណ្ដែតបណ្ដោយ​ឲ្យ​បងប្អូន​អាជីវករ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ឡើយ។

ដូច្នេះ​ទេ ​ប្រជាពលរដ្ឋ​ទាំងអស់ ​សូមឲ្យ​អាជ្ញាធរ​ខណ្ឌ​ទួលគោក ​មាន​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅមុខ​ផ្សារ​ហេង​លី​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ផង ឲ្យ​ដូច​ពាក្យ​ណែនាំ​របស់​ លោក ​ឯក ​ឃុន ដឿ​ន​ថា ឲ្យ​មន្ត្រី​ទាំងអស់ ដាក់ខ្លួន​ដាក់​កាយ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ដណ្ដើម​ឲ្យបាន​ផ្ការំដួល​បី​ទង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu