Ad Code

សត្វ​ត្មាត​បី​ប្រភេទ​ ទទួល​បាន​ចំណី​បន្ថែម​ ពី​អង្គការ​អភិរក្ស​សត្វ​ស្លាប



ស្ទឹងត្រែង​ ៖ សត្វ​ត្មាត​ចំនួន​បី​ប្រភេទ ​កំពុង​រស់នៅ​តំបន់​ព្រៃ​អភិរក្ស​សៀម​ប៉ាង​លិច ​និង​សៀម​ប៉ាង​កើត​ ​ត្រូវ​បាន​មន្ត្រី​អង្គការ​អភិរក្ស សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ាង ​​​ផ្តល់​ចំណី​បន្ថែម​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​​​ ដើម្បី​ថែរក្សា​វា​កុំឲ្យ​ចាកចេញ ពី​តំបន់​ធ្លាប់​រស់នៅ​ទៅ​តំបន់​ផ្សេង​នាំ​ឲ្យ​​រង​ការ​បាញ់​សម្លាប់​ពី​ពពួក​ព្រាន​ផ្សេងៗ។

លោក ​ទី ស្រុ​ន ប្រធាន​ប្រចាំ​តំបន់ ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​សៀម​ប៉ាង​បាន​បញ្ជាក់​ថា​ ការ​ផ្តល់​ចំណី​នេះ ​ដើម្បី​ថែទាំ​សត្វ​ត្មាត​ និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ ឲ្យ​គង់វង្ស​នៅ​ក្នុង​តំបន់​អភិរក្ស ដែល​ក្រសួង​បរិស្ថាន​ បាន​កំណត់​រួចមក​នេះ កុំ​ឲ្យ​វា​ទៅ​រស់នៅ​តំបន់​ព្រៃ​នៃ​ទឹកដី ប្រទេស​ឡាវ ខ្លាច​ត្រូវគេ​សម្លាប់​វា និង​នាំ​ឲ្យ​បាត់បង់​សម្បត្តិ​ធម្មជាតិ​របស់​យើង។



លោក​បន្ត​ថា​ នៅ​ចន្លោះ​ចាប់ពី​ថ្ងៃ​ទៅ​១០​ ដល់​ថ្ងៃ​ទី​២៥​ជា​រៀងរាល់​ខែ ក្រុម​អភិរក្ស​សត្វ​ត្មាត​ បានផ្តល់​ចំណី​ជា​គោ ​ឬ​ក្របី បន្ថែម ឲ្យពួកវា​ក្នុង​មួយ​ខែ​២​ដង​ ដែល​ត្រូវ​​ចំណាយ​ថវិកា​ជាង​១.០០០​ដុល្លារ​ជា​ប្រចាំ ព្រោះ​បច្ចុប្បន្ន​ពេល​យើង​ដាក់​ចំណី​ឲ្យ​ម្តងៗ ​សង្កេតឃើញ​មាន​ចន្លោះ​ចាប់ពី​៥០​ក្បាល ​ទៅ​៩០​ក្បាល​តែប៉ុណ្ណោះ។

លោក​ ស៊ីន ​ដាន​ មេឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ ការ​អភិរក្ស​សត្វ​ស្លាប​នេះ​ បងប្អូន​ប្រជាពលរដ្ឋ ​បាន​ភ្ញាក់រឭក​ចូលរួម​ច្រើន ព្រោះ​ពួក​គាត់​បាន​ចាត់ទុកថា ពពួក​សត្វ​ទាំង​នេះ​ វា​អាច​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយសារ​ភ្ញៀវ​ទេសចរ​មកលេង​ចង់​មើល​សត្វ​ស្លាប​ប្រភេទ​ធំៗ​បែបនេះ។

លោក​ ប៊ុន​ ឌី​ណា​ មន្ត្រី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​នេះដែរ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មកែវ​និង​ឃុំ​ព្រែ​កមាស បាន​ងាក​មក​ធ្វើ​ស្រូវ​ត្រ​យ៉ង​យក្ស ដែល​អង្គការ​ផ្តល់​ពូជឲ្យ​បាន​ស្ទើរ​គ្រប់ៗ​គ្នា ហើយ​ ព្រោះ​នៅពេល​បាន​ផល​ក្រុម​អភិរក្ស​សត្វ​ត្មាត​ប្រមូល​ទិញ​យក​វិញ ក្នុង​តម្លៃ​១៣៥០​រៀល​ នៅ​ឆ្នាំ​២០១៨​ ហើយ​ឆ្នាំ​២០១៩​ នឹង​លើកទឹកចិត្ត​កសិករ​ទិញ​រហូតដល់​ទៅ​១.៥០០​រៀល​ ក្នុង​មួយ​គីឡូ​ក្រាម។

លោក​ថា​ នេះ​ជា​យន្តការ​មួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យើង​បញ្ឈប់​ការ​ចូល​ព្រៃ​បរបាញ់​សត្វ ​និង​ពឹង​ផ្អែក​លើ​ផល​អនុផល​ព្រៃឈើ​ទៀត។

សូម​បញ្ជាក់​ថា តំបន់​អភិរក្ស​សត្វ​ស្លាប់​សៀម​ប៉ាង​រស់នៅ​ទាំងពីរ​នេះ មាន​-​សត្វ​ត្រ​យ៉ង​យក្ស​- សត្វ​ចំកំកស​-​សត្វ​ត្រដក់​តូច​-​និង​ត្រដក់​ធំ​-​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu