Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ការ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ រួម​នឹង​ថ្នាំញៀន​៤​កញ្ចប់​



ប៉ៃលិន​ ៖​ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិន ចាប់​ឃាត់​ខ្លួន រួម​នឹង​ថ្នាំញៀន​៤​កញ្ចប់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ចន្ទ ៦​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​តាប​ប៊ីយ៉ា ក្បែរ​ស្ពាន​អូរ​តា​វ៉ៅ ក្នុង​ភូមិ​កូន​ភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ជនសង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ ឈ្មោះ ថេ​ង ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុតាង រួមមាន​ ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៤​កញ្ចប់ ដោយ​០១​កញ្ចប់​ធំ និង ០៣​កញ្ចប់​តូច។

លោក​វរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន​មានប្រសាសន៍​ឲ្យ​ដឹង​ ដោយ​​យោង​តាម​សំដី​របស់​ជនសង្ស័យ​ថា ជនសង្ស័យ​ខាងលើ ទើបតែ​រកស៊ី​គ្រឿងញៀន​នេះ បាន​កន្លះ​ខែ​ប៉ុណ្ណោះ ដោយ​ពីមុន​ជា​អ្នក​ដឹក​ត្រី​លក់។

លោក​បាន​បន្ត​ថា​ គ្រឿងញៀន​ដែល​ជនសង្ស័យ​យក​មក​ជួញដូរ​នេះ បាន​ទិញ​ឈ្មោះ​ម្នាក់​ផ្សេងទៀត ក្នុង​តម្លៃ​១​លាន​រៀល ហើយ​រូបគេ​(​ជនសង្ស័យ​)​លក់​វិញ​ បាន​តម្លៃ​១​លាន​៧​សែន​រៀល ប្រការ​ដែល​ជនសង្ស័យ​រកស៊ី​ជួញដូរ​គ្រឿង​នៅ​ពេល​នេះ ដោយសារតែ​ជនសង្ស័យ​ជំពាក់​ប្រាក់​គេ​ច្រើន ទើប​បែក​គំនិត​រកស៊ី​មុខរបរ​នេះ​តែម្ដង។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន រៀបចំ និង​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu