ព្រៃវែង ៖ នៅពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មានពាក់ព័ន្ធទៅនឹងពិធីភ្ជាប់ពាក្យរបស់ លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល ជាមួយគូដណ្ដឹង ម្នាក់ឈ្មោះ បូ ជីងជីង ដែលមានទីលំនៅតំបន់អ្នកលឿង ត្រើយខាងកើត ស្ថិតក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយប្រភពបានបញ្ជាក់ថាលោកជូនថ្លៃជំនូនឪពុកម្ដាយខាងស្រីចំនួន១០ម៉ឺនដុល្លារ រួមទាំងមានគ្រឿងអលង្ការសុទ្ធតែ មាស ពេជ្រ និងរថយន្ត លុចស៊ីស៥៧០ ដ៏ថ្មីស្រឡាងមួយគ្រឿង ដែលមានតម្លៃ២២ម៉ឺនដុល្លារ ទៀតផង ហើយព័ត៌មានខាងលើ ត្រូវបានបង្ហោះ រួចស៊ែរពេញសង្គមព័ត៌មាន Facebook ទាំងក្នុងស្រុក និងក្រៅស្រុកមួយចំនួន មានបងប្អូនខ្លះរិះគន់ ហើយមានបងប្អូន មិត្តភ័ក្ដិខ្លះផ្ញើសារជូនពរដល់ក្រុមគ្រួសាររបស់លោកទាំងពីរទៀតផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា សូមបំភ្លឺរឿងរ៉ាវខាងលើថា លោកជាមួយនឹងគូដណ្តឹង មានការហួសចិត្តជាខ្លាំង ដោយការចុះព័ត៌មាន មិនដឹងបានប្រភពមកពីណាខ្លះទេ ព្រោះលោកមិនបានផ្តល់ទៅឲ្យអ្នកសារព័ត៌មានឲ្យដឹងផង ហើយក៏មិនបានបង្ហោះចូលទៅក្នុងគណនេយ្យFacebook របស់លោកដែរ។ រីឯនៅក្នុងពិធីភ្ជាប់ពាក្យ កាលពីព្រឹកថ្ងៃទី២៤កុម្ភៈ លោកអត់មានប្រកាសជាសាធារណៈរឿងថ្លៃជំនូនជូនខាងស្រីចំនួនប៉ុន្មានដែរ គឺយើងធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ មានមេបាទទួលដឹងឮ ហើយក៏មិនបានហៅភ្ញៀវគគ្រឹកគគ្រេងនោះដែរ ដោយធ្វើពិធីជាធម្មតា សាមញ្ញ នៅផ្ទះខាងស្រី។
ចំណែករឿងឲ្យថ្លៃជំនូនវិញ ដែលចុះផ្សាយថា លោកជូនខាងស្រី មានប្រាក់ចំនួន១០ម៉ឺនដុល្លារ គ្រឿងអលង្ការ មាស ពេជ្រ និងរថយន្តលុចស៊ីសតម្លៃជាង២០ម៉ឺន និងបានចោទលោកថាមិនដឹងបានប្រាក់មកពីណានោះ លើសពីនេះសុទ្ធតែឲ្យអង្គភាពប្រឆាំងអំពើពុករលួយតាមដានស្រាវជ្រាវការងាររបស់លោកថា រកស៊ីអីខ្លះ បានជាមានម្ល៉េះ នៅពេលដឹងដំណឹងនេះ លោកសំដែងការហួសចិត្តតែម្ដង បានអី មុននឹងធ្វើការផ្សព្វផ្សាយសួរលោកមួយម៉ាត់ ស្រាប់តែចេញជាព័ត៌មានព្រោងព្រាត ដោយសាមីខ្លួនទាំងពីរអត់បានដឹង សូម្បីតែបន្តិច។
លោកបានបញ្ជាក់ថា ក្រៅពីមុខងារតួនាទីលោកជាស្នងការរងខេត្តកណ្តាល ទទួលផែនអប់រំផ្សព្វផ្សាយទាក់ទងជាមួយការងារសុខាភិបាល, បច្ចុប្បន្ន លោកបានបើកមុខរបររកស៊ីតាំងពីឆ្នាំ២០០០ មកម្ល៉េះ មានបើកផ្ទះសំណាក់ ទិញលក់រថយន្ត និងមុខរបរទិញលក់អចលនទ្រព្យមួយចំនួនផងដែរ ដោយមានជួលមេការ បុគ្គលិក ត្រឹមត្រូវ មិនពាក់ព័ន្ធជាមួយការងាររដ្ឋនោះទេ។
លោកបន្តថា ពីមុន លោកធ្លាប់មានគ្រួសារដែរ តែរួមរស់មិនចុះសម្រុងនឹងគ្នា ក៏បានចែកផ្លូវគ្នា ទៅ បន្ទាប់មក ខ្ញុំ ក៏បានមាននិស្ស័យជាមួយកញ្ញាម្នាក់ ជាកូនចៅអ្នកខេត្តព្រៃវែង ដោយឪពុកម្ដាយនាងមានមុខរបរលក់គ្រឿងអគ្គិសនីធំមួយដែរ នៅផ្សារអ្នកលឿង ហើយគាត់ក៏ចូលស្ដីដណ្ដឹងនាង ដោយជូនថ្លៃបណ្ដាការចំនួន៥ម៉ឺនដុល្លារទេ ហើយខាងស្រី ក៏ព្រមទទួលយកដោយពេញចិត្ត និងបានបន្ថែមប្រាក់ទៅជំនូន៥ម៉ឺនដុល្លារពីលើ សរុប១០ម៉ឺន និងគ្រឿងអលង្ការមួយឈុតជារបស់ខាងស្រីទេ រីឯរឿងឲ្យរថយន្តលុចស៊ីសថ្មីមួយគ្រឿងនោះ គាត់អត់ដឹងនោះទេ ដូចនេះសូមបងប្អូនកុំយល់ច្រឡំ៕
Source: Kampuchea Thmey Daily
0 Comments