Ad Code

អាល្លឺម៉ង់ កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​របស់​កម្ពុជា​ ហើយ​នៅតែ​បន្ត​ជួយ លើ​ការកែទម្រង់ ​នៃ​ការ​គ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ បញ្ហា​ដី​ធ្លី និង ធនធាន​មនុស្ស​



ភ្នំពេញ ៖​ លោក ណរ​បែ​ត បាត​ល័​រ (Norbert BARTHLE) សមាជិកសភា និង​ជា​រដ្ឋលេខាធិការ ​នៃ​ក្រសួង​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៃ​សហព័ន្ធ​អាល្លឺម៉ង់ បាន​កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​​របស់​កម្ពុជា ហើយ​អាល្លឺម៉ង់​នៅ​បន្ត​ជួយ​ដល់​កម្ពុជា​ដដែល ​ជាពិសេស​លើ​ការកែទម្រង់​ នៃ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ បញ្ហា​ដីធ្លី និង ជួយ​បណ្ដុះបណ្ដាល​ដល់​កម្ពុជា​លើ​ផ្នែក​ធនធានមនុស្ស​ជា​ដើម​។​

នាឱកាស​នោះ លោក ណរ​បែ​ត បាត​ល័​រ (Norbert BARTHLE) បាន​សន្យា​ថា​ នឹង​ជួយ​ធ្វើការ​កំណែ​ទម្រង់​ដល់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ និង បញ្ហា​មួយ​ចំនួន​ទៀត ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន ​និង​ប្រទេស​កម្ពុជា​ មានការ​រីកចម្រើន​ត​ទៅមុខទៀត​។​

ការសន្យា​របស់ លោក ណរ​បែ​ត បាត​ល័​រ (Norbert BARTHLE) នេះ ​គឺ​បានធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ ក្រោយពី​កិច្ច​ជំនួប​នោះ លោក​ឧត្ដមសេនីយ៍​ឯក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ ភាគី​អាល្លឺម៉ង់ បាន​កោតសរសើរ​ចំពោះ​ការវិវឌ្ឍន៍​របស់​កម្ពុជា ហើយ​អាល្លឺម៉ង់​នៅ​បន្ត​ជួយ​ដល់​កម្ពុជា​ដដែល​ ជាពិសេស​លើ​ការកែទម្រង់​ នៃ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ បញ្ហា​ដីធ្លី និង ជួយ​បណ្តុះ​បណ្តាល​ដល់​កម្ពុជា​លើ​ផ្នែក​ធនធានមនុស្ស​ជាដើម​។​

លោក​ឧត្ដមសេនីយ៍​ឯក​ ផាត សុ​ផានិត បានបញ្ជាក់​ដោយ​ស្រង់​សម្តី​របស់ លោក​ ណរ​បែ​ត បាត​ល័​រ​(Norbert BARTHLE) ថា​ «​រដ្ឋាភិបាល​អាល្លឺម៉ង់ មានបំណង​ចង់​ចូលរួម​ជាមួយ​នឹង​កិច្ច​ការវិវឌ្ឍន៍​របស់​កម្ពុជា ​ក្នុងការ​ធ្វើយ៉ាងណា​បន្ត​ពង្រីក​បន្ថែម​នូវ​សមិទ្ធផល​អ្វីដែល​កើតចេញពី​សហប្រតិបត្តិ​ការ ​នៃ​ប្រទេស​ទាំងពីរ ​ឲ្យ​កាន់តែ​ច្រើនឡើង ​និង​ធំធាត់​បន្ថែម​ទៀត​»​។​

ជាមួយគ្នា​នោះដែរ​ ឯកឧត្តម ណរ​បែ​ត បាត​ល័​រ (Norbert BARTHLE) ក៏បាន​សម្តែង​នូវ​ការ​អបអរសាទរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួងមហាផ្ទៃ​ សម្រេច​បាន​កន្លង​មក​នេះ ហើយ​អាល្លឺម៉ង់ ​សូម​កោតសរសើរ​ចំពោះ​ទិសដៅ​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​។​
ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង​ ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​រដ្ឋា​ភិបាល​ នៃ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​តាំងពី​អតីតកាល​រហូតដល់​បច្ចុប្បន្ន​នេះ​។ ដោយ​ សម្ដេច​អះអាង​ថា ការ​រីកចម្រើន​របស់​កម្ពុជា​រហូតដល់​សព្វ​ថ្ងៃនេះ​ គឺ​មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការចូលរួម​របស់​អាល្លឺម៉ង់​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង ពី​ លោក​ ផាត សុ​ផានិត ​ដដែល​។​

លោក​ ផាត សុ​ផានិត ​បាន​បញ្ជាក់​ថា ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្ដម ណរ​បែ​ត បាត​ល័​រ (Norbert BARTHLE)​ គឺមាន​គោលបំណង​អញ្ជើញ​ សម្ដេច​ក្រឡាហោម ស ខេង ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​សហព័ន្ធ​អាល្លឺម៉ង់​នា​ពេល​ខាងមុខនេះ ​ដើម្បី​ពង្រឹង កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu