Ad Code

អ្នក​បើកបរ​រថយន្ត​ដឹក​មាន់​ ជាន់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ ​​​ស្លាប់​ខ្លួនឯង



ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ស្លាប់ ​និង​ម្នាក់ទៀត​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍។

យោង​តាម​ប្រភពពី​ លោក​អនុសេនីយ៍ឯក ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​២៦​កុម្ភៈ​នេះ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​កែង​នឹង​ផ្លូវ​៣០​ម៉ែត្រ​ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ធំ​ទី​៣​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត​រង​របួស។

លោក​នាយ​ប៉ុស្តិ៍​បន្ត​ថា ​នៅ​ម៉ោង​កើតហេតុ​ សាក្សី​បាន​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK 41 33 ដឹក​មាន់​ពេញ​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។ លុះ​មកដល់​ចំណុច​កើតហេតុ ​រថយន្ត​ដឹក​មាន់​បាន​បុក​ម៉ូតូ​សង់​ស៊េរី​២០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយរៀង​1M 80 28​ ពីក្រោយ​ ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​មក​ម្ខាង​ ហើយ​រថយន្ត​ដឹក​មាន់​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​សណ្តោង​កុងតឺន័រ​ដែល​នៅ​ពីមុខ ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​មាន់​ បាន​ស្លាប់​ភ្លាមៗ​ ដោយសារ​កៀប​ជាប់​នឹង​កាប៊ីន​រថយន្ត។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​តាម​សាក្សី​បំភ្លឺ​ជូន​នគរបាល​ជំនាញ ​គឺ​ដោយសារតែ​អ្នកបើកបរ​រថយន្ត​ដឹក​មាន់​បើកបរ​លឿន​ លុះដល់​ចំណុច​កើតហេតុ​ជាន់​ហ្វ្រាំង​មិន​ស៊ី ទើប​បុក​ម៉ូតូ ​និង​គូទ​រថយន្ត​កុងតឺន័រ​បណ្តាល​ឲ្យ​ស្លាប់​ខ្លួន​។

ជនរងគ្រោះ​រហូត​បាត់​បង់ជីវិត​នោះ​ ឈ្មោះ ​ដូច សន ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ដី​ត្រពាំង​រវាង​ ឃុំ​ភ្នំ​តូច ​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu