សៀមរាប ៖ រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងរបស់ឈ្មួញល្បីម្នាក់ ដែលគេដឹងថា ឈ្មោះ ឆាយ រួមទាំងតៃកុងឡានម្នាក់ផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ស្ទាក់ចាប់ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត ខណៈរដ្ឋបាលព្រៃឈើកំពុងសម្ងំក្រាបពង។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា រថយន្តដឹកឈើល្មើសច្បាប់ទាំងនេះម៉ាកហ៊ីណូ ចំណុះ១តោន ពាក់ស្លាកលេខកំពង់ចាម3A0947 ដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បម្រុងមកទម្លាក់ក្នុងដេប៉ូរបស់ខ្លួន ក្នុងឃុំស្រែណូយ។ ឈើខាងលើនេះ ជារបស់ម្ចាស់ ឈ្មោះ ឆាយ រិទ្ធ។ ចំណែកតៃកុងឡាន ដែលឃាត់ខ្លួនមាន ឈ្មោះ អ៊ឹង ជាវលេង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន។ ឈើដែលបង្ក្រាបបានជាប្រភេទលេខ២ មានចំនួន៣៣៩ដុំ ស្មើ១៦,៨២៤ម៉ែត្រគូប។ ទាំងឈើ ទាំងឡាន និងតៃកុងឡាន បានប្រគល់ជូនរដ្ឋបាលព្រៃឈើ យកទៅអនុវត្តបន្ត។
មន្ត្រីដដែលឲ្យដឹងទៀតថា ករណីដឹកជញ្ជូនឈើល្មើសច្បាប់ របស់ឈ្មួញ ឈ្មោះ ឆាយ រិទ្ធ នេះ គឺមានជាយូរមកហើយ ប៉ុន្តែរូបគេហាក់មានសំណាងរហូត ពីព្រោះថា រាល់ពេលទទួលព័ត៌មាន ហើយកម្លាំងអាវុធហត្ថចុះទៅ គឺពួកគេបើករត់គេចខ្លួនបាត់។ ប៉ុន្តែម្តងនេះ សង្ស័យអ្នកតាព្រៃឈប់ជួយហើយទើបរត់លែងរួចបែបនេះ។
ក្នុងករណីនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប ពុំទាន់ផ្តល់ព័ត៌មាននៅឡើយទេ ដោយបញ្ជាក់តាមទូរស័ព្ទ ឲ្យរង់ចាំសិន។
សូមបញ្ជាក់ថា ឈ្មួញបំផ្លាញព្រៃឈើ ឈ្មោះ ឆាយ រិទ្ធ នេះ រកស៊ីដឹកឈើច្រើនឆ្នាំមកហើយ ពេលខ្លះដឹកពីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តបន្ទាបមានជ័យ ឬខេត្តបាត់ដំបង។ ឯពេលខ្លះដឹកពីចំណុចខាងលើចូលមកស្តុបក្នុងដេប៉ូរបស់ខ្លួន ក្នុងស្រុកវ៉ារិន និងពេលខ្លះទៀតបន្តចូលមកកាន់ក្រុងសៀមរាប។ រាល់ការដឹកជញ្ជូនរបស់គេ គឺតែងតែយកឈុតសំលៀកបំពាក់យោធា មកប្រើជានិច្ច តែពុំមាននរណាម្នាក់បានដឹងថា ជាយោធានៅអង្គភាពណា ឬគ្រាន់តែយកស្បែកខ្លាមកបន្លាចនោះឡើយ។ ប៉ុន្តែរាល់ពេលដឹកឈើចេញ គឺមានសំណាងរហូត ហាក់មិនដែលរងការបង្ក្រាប ឬចាប់ចងអ្វីទាំងអស់។
ករណីនេះគេរំពឹងថា ប្រសិនបើជាយោធាពិតនោះ មេអង្គភាពគួរតែពិចារណា។ ប៉ុន្តែប្រសិនបើជាយោធាក្លែងក្លាយ សមត្ថកិច្ចពាក់ព័ន្ធ គួរតែមានវិធានការតាមផ្លូវច្បាប់ផង ពីព្រោះថា ក្នុងរយៈពេលនេះ មេអង្គភាពកងប្រដាប់អាវុធនីមួយៗ ហាក់មិនយកខ្លួនទៅជ្រកក្រោមបទល្មើស ដែលប្រមុខរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅនោះឡើយ។ ក្នុងនោះក៏មានប្រភពទម្លាយថា មានអ្នកកាសែតត្បាញអាយខ្លះជួយមើលផ្លូវ និងរត់ការ ដល់បុគ្គលខាងលើផងដែរ៕
Source: Kampuchea Thmey Daily
0 Comments