ប៉ៃលិន ៖ ស្ពានបេតុងប្រវែង៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងប៉ៃលិន ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ កំពុងត្រូវបានបើកការដ្ឋានសាងសង់ជាបណ្តើរៗ ក្រោមគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលស្ថាបនាដោយកងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កាលដើមឡើយ នៅចំណុចស្ទឹងមួយនេះ មិនមានស្ពានថ្ម ឬស្ពានឈើនោះទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានគេធ្វើស្ពានឈើ សម្រាប់ឆ្លងទៅឆ្លងមក ប៉ុន្តែត្រូវបង់លុយជាប្រចាំថ្ងៃ ក្នុងការឆ្លងម្តង៥០០រៀល ប្រសិនឆ្លងទៅមក១០០០រៀលផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្ពានឈើ ដែលគេធ្វើឲ្យឆ្លង ហើយយកលុយនេះ គឺបានឆ្លងតែខែប្រាំង ដែលទឹកស្ទឹងមិនឡើងប៉ុណ្ណោះ ប្រសិនបើមានទឹកជន់ម្តងៗ គឺមិនបានឆ្លងទៅមកឡើយ ប្រការនេះ វាមានការពិបាកខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ពិសេស គឺសិស្សសាលា ដែលឆ្លងទៅរៀននៅវិទ្យាល័យតែម្តង ហើយចំពោះបញ្ហាពិបាកធ្វើដំណើរនេះ អាជ្ញាធរភូមិ/ឃុំ បានដាក់ពាក្យស្នើសុំទៅស្រុក រហូតដល់ថ្នាក់ខេត្តផងដែរ។
ប្រភពព័ត៌មាន បានបន្តថា នៅពេលនេះ បងប្អូនប្រជាពលរដ្ឋយើង លែងមានការព្រួយបារម្ភទៀតហើយ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ស្ពាន នៅចំណុចនេះ ដើម្បីជួយសម្រាប់ដល់ការធ្វើដំណើររបស់បងប្អូនយើងផងដែរ។
បើតាមប្រជាពលរដ្ឋរស់នៅតំបន់នេះបានលើកឡើងថា ពេលរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ការធ្វើដំណើរ គឺមិនកើតនោះទេ សិស្សទៅរៀនមិនបាន ពិបាកឆ្លងទឹកព្រោះ ទឹកហូរខ្លាំង គឺពិតជាលំបាកខ្លាំងណាស់ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេធ្វើស្ពានឈើឲ្យឆ្លង ប៉ុន្តែគេយកលុយ ក្នុងមួយជើង៥០០រៀល ជាប្រចាំផងដែរ។
ប្រជាពលរដ្ឋ បានបន្តថា ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ ដែលរស់នៅ និងឆ្លងកាត់ស្ទឹងមួយនេះ ពិតជាសប្បាយរីករាយក្រៃលែង និងសូមថ្លែងអំណរគុណ ដល់អាជ្ញាខេត្ត មន្ទីរជំនាញអភិវឌ្ឍន៍ជនបទ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ សែន ជាប្រមុខ តែងតែបានយកចិត្តទុកដាក់ ក្នុងការកសាងស្ពានមួយកន្លែងនេះ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់របស់បងប្អូនពលរដ្ឋ ដែលទៅមកជារៀងរាល់ថ្ងៃ ពិសេសគឺសិស្សសាលាតែម្តង។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ពេជ្រ សំបូរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា ស្ពានឆ្លងស្ទឹងប៉ៃលិន ដែលកំពុងបើកការដ្ឋានសាងសង់នេះ មានបណ្ដោយ៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ជាគម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលស្ថាបនាដោយកងវិស្វកម្ម អគ្គបញ្ជាការ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ជាដើម ចាប់ពីទីក្រុងដល់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កសិផល ផលិតផល របស់ប្រជាពលរដ្ឋ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត ក៏ដូចមន្ទីរអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ និងពីក្រុង ទៅស្រុកក្នុងខេត្ត ឲ្យរឹតតែល្អប្រសើរឡើងថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments