Ad Code

ផ្ទះ​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ​បណ្ដាល​មកពី​ភ្លេច​ពន្លត់ភ្លើង​ធូប​



​កំពង់ធំ ​៖ ករណី​ភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង បាន​កើតឡើង​ដោយសារតែ​ម្ចាស់ផ្ទះ មានការ​ធ្វេសប្រហែស ក្នុង​ការអុជ ធូប​បន់ស្រន់ តែ​ភ្លេច​ពន្លត់ភ្លើង​ធូប បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ជើងធូប ​​​​រាលដាល​ដល់​សម្ភារៈ​ក្នុងផ្ទះ ហើយ​ឈានដល់​ឆេះ​ផ្ទះ​ទាំងស្រុង​តែម្ដង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជា​ពលរដ្ឋ ក្នុងភូមិ នាំគ្នា​មក​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង កាលពី​វេលា​ម៉ោង​០៩និង​៣០​នាទី ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​តាម​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍ បាន​បញ្ជាក់ថា ក្នុងករណី ភ្លើង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នេះ រថយន្ត​ពន្លត់អគ្គិភ័យ ប្រចាំ​អធិការដ្ឋាន​នគរបាល ស្រុក​បារាយណ៍ ពុំបាន​ចេញទៅ​ជួយ​ពន្លត់អគ្គិភ័យ​នេះ​ទេ ដោយ​មូលហេតុ ដោយសារតែ​ទទួល​ព័ត៌មាន មានការ​យឺតយ៉ាវ ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​ដែល​មាន​ទំហំ ៥​ម​x៦​ម ធ្វើ​អំពី​ថ្ម ប្រក់​ប្រូ​ស៊ីម៉ង់ ដែល​ជា​ផ្ទះ​របស់ ឈ្មោះ ដែក អ៊ី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ បណ្តាល​ឲ្យ​ខូចខាត​ មាន​គ្រែ​ធ្វើ​អំពី​ឈើ​កកោះ​ចំនួន​០១​គ្រឿង ទូ​ឈើ​ចំនួន​០១​គ្រឿង ពូក​ចំនួន​០១ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ​ស្ថិតនៅ​ភូមិ​បារាយណ៍​ជាន់​ដែក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​។​

​បន្ទាប់ពី ភ្លើង​បាន​រលត់​អស់ សមត្ថកិច្ច នៃ​អធិការ​ស្រុក​បារាយណ៍ បាន​ចុះ​ពិនិត្យ​ទីតាំង​ភ្លើង​ឆេះ ផ្ទះ របស់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បាន​កំណត់​មូលហេតុ នៃ​ការ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នេះ គឺ​បណ្តាល​មកពី ធ្វេសប្រហែស​ក្នុង​ការអុជ​ភ្លើង​ធូប ក្នុង​នោះ​សមត្ថកិច្ច នៃ​អធិការ​ស្រុក​បារាយណ៍ ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់ អគ្គិភ័យ​កើតឡើង ក្នុង​រដូវ​ក្តៅ​នេះ មុន​ចាក់​ចេញ​ពីផ្ទះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu