Ad Code

កម្ពុជា​រំពឹងថា​ ឆ្នាំ​២០១៩​នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ជិត​៧​លាន​នាក់



ភ្នំពេញ ​៖ តាម​ការព្យាករណ៍ កម្ពុជា​រំពឹងថា ​ឆ្នាំ​២០១៩​នេះ​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ជិត​៧​លាន​នាក់​និង​ឆ្នាំ​២០២០ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៧​លាន​នាក់ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥០០០​លាន​ដុល្លារ​អាមេរិក បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ ១​លាន​នាក់។

លោក​ទិ​ត ចន្ថា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ ៦​លាន​២​សែន​នាក់ កើនឡើង​១១​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ចិន​បាន​ឈរ​លំដាប់​ទី​១ គឺ​មាន​ប្រមាណ​២​លាន​នាក់ ក្នុង​កំណើន​៧០​ភាគរយ។



លោក​បន្ត​ថា ការ​កើនឡើង​នេះ ដោយសារតែ​កម្ពុជា មាន សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​នៅ​ទីប្រជុំជន និង​ជនបទ​ដាច់ស្រយាល ។​ម្យ៉ាងវិញទៀត​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​សក្តានុពល​ទេសចរ​ណ៍​ទាំង​ផ្នែក​វប្ប​ធ​ម៌​និង​ធម្មជាតិ។

​លោក​បាន​បន្ថែម​ទៀត​ថា ​«​កម្ពុជា​យើង​ជា​តំបន់​មួយ​នៅក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​មានន័យថា កម្ពុជា​និង​ប្រទេសជិតខាង ជាពិសេស​កម្លាំង​ខ្លាំង​មែនទែន​ទេសចរ​មកពី​ប្រទេស​ចិន ដែលមាន​ការកើនឡើង​រហូតដល់​ជាង​៧០​ភាគរយ ធៀប​កាលពី​ឆ្នាំមុន ដោយសារតែ​យើង​មាន​សុខសន្តិភាព ស្ថេរភាព នឹង​មាន ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ទី​២ យើង​មាន​សក្តានុពល​ល្អ ទី​៣ យើង​នៅក្នុង​តំបន់​ដែល​នៅ​ជុំវិញ​មានកំ​លាំង​ទេសចរ​ខ្លាំង ដូចជា​នៅ​ចិន អាស៊ាន និង​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​នៅ​ជុំវិញ​យើង គឺថា​វា​នៅ​មិន​ឆ្ងាយ​ពីគ្នា​ទេ ដោយមាន​ការតភ្ជាប់​តាមផ្លូវ​ហោះហើរ​ល្អ និង​ការធ្វើសមាហរណកម្ម​របស់​កម្ពុជា​នៅក្នុង​តំបន់​គឺជា​សក្តានុពល​មួយ​ក្នុង​ការ​ទាក់ទាញ​ការ​ធ្វើដំណើរ​មួយ​ទៅ​ចិន អាស៊ាន ទៅ​បណ្តា​ប្រទេស​អឺរ៉ុប​អី​គឺ ថា​មាន​ភាព​ងាយស្រួល ហើយ​សំខាន់​មែនទែន សុខ​សន្តិភាព ស្ថេរភាព​ដែល​ទេសចរ​អាច​ធ្វើ​ដំណើរ គ្រប់​គោលដៅ​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ចំណែក​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វា​គម​ន៏​ចំពោះ​កំណើន​ភ្ញៀវ​អន្តរជាតិ​ដែល​មក​កម្ពុជា​នេះ​ព្រោះ​វា​បាន​ផ្តល់​ប្រ​យោជន៍​ដល់​សេដ្ឋកិច្ចជាតិ និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ផ្ទាល់​និង​ប្រយោល​រាប់​លាន​នាក់​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោកស្រី​បញ្ជាក់​ថា ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាច្រើន​បែបនេះ​ដោយសារតែ​មានការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​រៀប​ចំ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្បាស់លាស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu