Ad Code

គណៈ​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​មេបញ្ជាការ​កងទ័ពជើងគោក​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន



ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹង ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​រវាង​កងទ័ព ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន គណៈ​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ ​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង ​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព ជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្ដមសេនីយ៍ ហាន វេ​ហ្គូ (HAN WEIGUO) មេ​បញ្ជាការ​កងទ័ពជើងគោក​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន។

នាយ​ឧត្ដមសេនីយ៍ ហាន វេ​ហ្គូ (HAN WEIGUO) បាន​មានប្រសាសន៍ថា លោក​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បានទទួល​ស្វាគមន៍ ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​នៅ​រដ្ឋ​ធានី​ប៉េកាំង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

នាយ​ឧត្ដមសេនីយ៍ បាន​ចាត់ទុកថា​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ​ជា​បងប្អូន​ដែលមាន​មិត្ត​ភាពជា​ដែកថែប។ មេបញ្ជាការ​កងទ័ពជើងគោក​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន សង្ឃឹមថា​ ប្រទេស​ទាំងពីរ​ចិន​-​កម្ពុជា នឹង​បន្ត​ ពង្រឹង ពង្រីក ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ក្រោម​យុទ្ធសាស្ត្រ​ចង្អុល​ទិស​របស់​ឯកឧត្ដម​ប្រធានាធិបតី ស៊ី ជីន​ពីង និង ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា​ ដើម្បី​អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ នៃ​ប្រទេស​ទាំងពីរ។



ឧត្ដមសេនីយ៍​ឯក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មេបញ្ជាការ​កងទ័ព​ជើង​គោក ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា។

លោក​ឧត្ដមសេនីយ៍​ឯក បាន​បន្តថា កិច្ចពិភាក្សា​នេះ គឺជា​ការ​រក្សា​ការ​ពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន។

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល កងទ័ព​និង​ប្រជាជន​ចិន ​ដែល​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​នៅ​ក្នុង​ដំណើរការ​កសាង​ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឧត្ដមសេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត បានស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​នៃ​ប្រទេស​ទាំងពីរ​សំដៅ​ធ្វើ​យ៉ាងណា​អនុវត្ត​កិច្ចប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ដ៏​រឹងមាំ​ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន។

សូម​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ នៃ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ចាប់ពី​ថ្ងៃ​ទី​២៥​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០១៩​។​

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ស្នាក់​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ឱកាស​នោះ ភាគី​កម្ពុជា ​នឹង​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​រួមមាន ៖ ឯកឧត្ដម សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ឯកឧត្ដម អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន ឯកឧត្ដម មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu