ភ្នំពេញ ៖ វាពិតជារឿងរ៉ាវដ៏រសើបមួយ ខណៈដែលលោកអភិបាលរាជធានី និង លោកស្នងការនគរបាលរាជធានីភ្នំពេញ ដាក់ផែនការឲ្យសមត្ថកិច្ចចាប់ឃាត់រថយន្តធុនធំ មិនឲ្យចូលរាជធានីភ្នំពេញ បែរជានៅតែមានរថយន្ត ដែលត្រូវហាមឃាត់ នៅបន្តបើកចូលយ៉ាងរំភើយ រហូតបង្កឲ្យកិនអ្នកដំណើរស្លាប់ និងរបួសទើបនគរបាលចរាចរណ៍រត់ទៅចាប់។
ជាក់ស្ដែងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈនេះ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E 02 47 បើកបរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបំណងឆ្ពោះទៅផ្សារដើមគរ ប៉ុន្តែដោយសារដឹកកុងតឺន័រខ្ពស់ពេក បណ្តាលឲ្យប៉ះនឹងទ្រូងស្ពានអាកាសស្ទឹងមានជ័យ ទៅមុខមិនរួចទើបនគរបាលចរាចរណ៍យាមនៅក្រោមស្ពាន ចាប់ទាំងរថយន្ត និងអ្នកបើកបរយកចេញពីចំណុចកើតហេតុ ហើយមូលហេតុដែលចាប់នោះ គឺរថយន្តខាងលើដែលបើកទៅមុខមិនរួចក៏បង្ខំចិត្តរ៉ឺយែថយក្រោយ បែរជាមកប៉ះនឹងបង្កាន់ដៃស្ពានខូចអស់បីកង់។
អ្នកធ្វើដំណើរបាននិយាយថា បើកុំតែរថយន្តនេះ ប៉ះទ្រូងស្ពានហើយទៅមុខលែងរួច និងបង្កឲ្យបាក់បង្កាន់ដៃស្ពាន ទើបនគរបាលចាប់ឃាត់ទុក បើសិនជាមិនប៉ះ គឺច្បាស់ជាបន្តទៅមុខរួច បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាមិនខាន។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ បាននាំគ្នានិយាយថា បច្ចុប្បន្ននេះ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ គឺបង្កឡើងដោយរថយន្តធំ ពិសេសរថយន្តសណ្ដោងកុងតឺន័រ និងរថយន្តក្រឡុកស៊ីម៉ងត៍។ ប៉ុន្តែបើសិនជាមានកម្លាំងនគរបាលចុះមករៀបចំសម្រួលចរាចរណ៍នៅទីកន្លែងដែលតែងតែស្ទះ គឺមិនជាអ្វីទេ តែធ្វើឡើងតែមួយប្រាវរួចទៅបាត់អស់ បង្កឲ្យកកស្ទះចរាចរណ៍ដដែល។ គួរតែដាក់កម្លាំងប្រចាំការសម្រួលចរាចរណ៍ទៅ ទើបលែងស្ទះ ហើយនេះជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments