ភ្នំពេញ ​៖ នៅ​ថ្ងៃអាទិត្យ ៥​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អម​ដោយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​បន្ត​ចុះ​ទៅ​ពិនិត្យ​វឌ្ឍនភាព​ដំណើរការ​គម្រោង​សំណង់​ទំនប់ទឹក​សាលា​តា​អន នៅ​ស្រុក​ឯក​ភ្នំ​។



បើ​តាម​ការ​រាយការណ៍​ពី​លោក​ប្រធាន​មន្ទីរ និង​ក្រុមការងារ​អនុវត្ត​គម្រោង បាន​ឲ្យ​ដឹងថា គម្រោង​សំណង់​ទំនប់ទឹក​សាលា​តា​អន ក្រោម​ហិរញ្ញប្បទាន នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​រហូតមក​​ដល់ពេលនេះ បានសម្រេច​ប្រមាណ​២០​ភាគរយ ដោយ​បាន​នឹង​កំពុង​ដំណើរការ​ងារ​សំណង់​បង្វែរ​ទឹក​កាត់​ស្ទឹង​សង្កែ ការ​កាយ​ដី​តាម​ពោះ​ព្រែក​ទាំង​បួន (​ព្រែក​ខ្ពប ព្រែក​សំរោង​ក្នុង ព្រែក​ដូនទាវ និង​ព្រែក​ស្នោរ​) និង​ការ​រៀប​បាត​និង​ជើងទេរ​ជា​បេតុង​ជាដើម​។



ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ក្រុមការងារ​អនុវត្ត​គម្រោង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ដែល​សម្រេច​បាន​រហូតមកដល់​ពេលនេះ។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ក្រុមការងារ​អនុវត្ត​គម្រោង ត្រូវ​អនុវត្ត​ការងារ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលបំណង​នៃ​គម្រោង គឺ ១. ការ​បង្កើន​សមត្ថភាព​ស្រោចស្រព​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​នៅ​ប៉ែក​ខាងក្រោម ២. ដើម្បី​រក្សា​ស្ថេរភាព​ទឹក​ដើម្បី​បម្រើ​ដល់​ការប្រើប្រាស់​ទឹកស្អាត​សម្រាប់​ខេត្តបាត់ដំបង និង​៣. សម្រាប់​លើក​កំពស់​សោ​ភ័​ណ្ឌ​ភាព៕







Source: Kampuchea Thmey Daily