Ad Code

ប្រធានាធិបតី​វៀតណាម​ថ្មី លោក Nguyen Phu Trong បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ ដើម្បី​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​



ភ្នំពេញ​ ៖ លោក ង្វៀន ហ៊្វុ​ជុង (Nguyen Phu Trong) ប្រធានាធិបតី​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​មកដល់​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ ដែល​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



មន្ត្រីជាន់ខ្ពស់​កម្ពុជា ដែល​ទទួល​ស្វាគមន៍​នៅ​ព្រលានយន្តហោះ​មានដូចជា សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី​ព្រះបរមរាជវាំង​, លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​, លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​ឥស្សរជន​មួយចំនួនទៀត ហើយ​នៅ​អំឡុងពេល​អញ្ជើញ​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ដដែល លោក ង្វៀន ហ៊្វុ​ជុង (Nguyen Phu Trong) បាន​ចូល​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះបរមរាជវាំង​។



បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា លោក Nguyen Phu Trong អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិ​ម​បក្ស​កុំ​មុយ​នី​ស និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចា​ប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។



ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក Nguyen Phu Trong នឹង​ចូល​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល នៅក្នុង​ព្រះបរមរាជវាំង ហើយ​នៅពេល​ស្នាក់នៅ​កម្ពុជា​នេះដែរ លោក ង្វៀន ហ៊្វុ​ជុង ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ហើយ​លោក Nguyen Phu Trong នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​ចុងបញ្ចប់​នៃ​ទស្សនកិច្ច លោក​ង្វៀន ហ៊្វុ​ជុង នឹង​អញ្ជើញ​ចូលរួម​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu