រតនគិរី ៖ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង រងនូវការខូចខាតអស់ទាំងស្រុង បន្ទាប់ពីភ្លៀងធ្លាក់មួយមេនិងខ្យល់កន្ត្រាក់ បានវាយបំផ្លិចបំផ្លាញ។
ហេតុការណ៍គ្រោះមហន្តរាយធម្មជាតិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំបានបញ្ជាក់ថា នៅស្រុកកូនមុំ មានភ្លៀងធ្លាក់មួយមេ ស្រោចស្រពលើឃុំចំនួនបី គឺឃុំ ត្រពាំងច្រេស ត្រពាំងក្រហម និងឃុំស្រែអង្គ្រង។ ក្នុងនោះមានភ្លៀងធ្លាក់តិចៗទៅលើឃុំចំនួន២ គឺឃុំស្រែអង្គ្រង និងឃុំត្រពាំងច្រេស។
ដោយឡែកតែឃុំត្រពាំងក្រហមភ្លៀងធ្លាក់ខ្លាំងជាងមួយម៉ោង រហូតដល់មានធ្លាក់ព្រិល និងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាជនចំនួន១០ខ្នង ក្នុងនោះ៤ខ្នង បានរលំដល់ដីចំណែក៦ខ្នងទៀត របើកស័ង្កសី និងជញ្ជាំង។ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែគ្រាន់តែខូចខាតសម្ភារៈដូចជា កាឡេថង០១គ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments