មន្ត្រីបារាំងបានប្រឈមនឹងសំណួរថ្មីៗ កាលពីថ្ងៃអាទិត្យអំពីការគ្រប់គ្រងលើបាតុកម្ម "អាវកាក់ពណ៌លឿង" បន្ទាប់ពីសកម្មជនវ័យចំណាស់ម្នាក់ ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Nice ភាគខាងត្បូង។
រដ្ឋអាជ្ញានៅទីនោះបានបើកការសាកសួរមួយដើម្បីព្យាយាមរកឱ្យឃើញនូវអ្វីដែលបានកើតឡើងកាលពីថ្ងៃសៅរ៍នៅពេលដែលលោកស្រី Genevieve Legay អាយុ៧៣ឆ្នាំបានរងរបួសក្បាល។
អ្នកកាសែត AFP នៅកន្លែងកើតហេតុបានកត់សម្គាល់ថា នៅពេលក្រុមគ្រូពេទ្យជម្លៀសសកម្មជនជើងចាស់ឈ្មោះ Legay ចេញពីបាតុកម្ម លោកស្រីបានហូរឈាមពីក្បាលប៉ុន្តែនៅតែដឹងខ្លួន។
ក្រោយមក កូនស្រីរបស់លោកស្រី បាននិយាយថា លោកស្រីបានរងការបាក់ឆ្អឹងជាច្រើននៅលលាដ៍ក្បាលនិងឆ្អឹងខ្នង។
លោក Arie Alimi ដែលជាមេធាវីរបស់គ្រួសារនេះបានប្រាប់ AFP ថា ពួកគេនឹងដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងអាជ្ញាធរចំពោះអំពើហឹង្សាលើ "មនុស្សងាយរងគ្រោះ" ។ អភិបាលរបស់តំបន់នេះនឹងត្រូវដាក់ឈ្មោះនៅក្នុងពាក្យបណ្តឹងនេះដែលនឹងដាក់នៅថ្ងៃចន្ទ។
រូបថតនិងវីដេអូពីការតវ៉ាកាលពីថ្ងៃសៅរ៍បានបង្ហាញថា លោកស្រី Legay កាន់ទង់ពណ៌ឥន្ធនូដែលមានពាក្យថា "សន្តិភាព" សរសេរនៅលើវា។
លោកស្រី Legay គឺជាសកម្មជនមួយរូបជាមួយក្រុមយុទ្ធនាការយុត្តិធម៌សង្គម Attac ។ ក្រុមនេះបានផ្សព្វផ្សាយសារមួយនៅលើគេហទំព័ររបស់ខ្លួនដែលអំពាវនាវឱ្យមានការស៊ើបអង្កេតដើម្បីស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះការរងរបួសរបស់លោកស្រី។
លោក Jean-Michel Pretre រដ្ឋអាជ្ញាបាននិយាយថា ពួកគេកំពុងធ្វើអ្វីគ្រប់បែបយ៉ាងដែលពួកគេអាចធ្វើបានដើម្បីរកឱ្យឃើញនូវអ្វីដែលបានកើតឡើង៕AFP
Source: Kampuchea Thmey Daily
0 Comments