Ad Code

នៅ​ស្រុក​មង្គល​បូរី​ និង​ស្វាយចេក ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ពលរដ្ឋ​ជាង​៣២​ខ្នង​ កម្លាំង​ចម្រុះ​ចុះ​ជួយ​ជួស​ជុល​ដើម្បី​សម្រួល​ការ​រស់នៅ​របស់​គាត់​វិញ​ហើយ​



​បន្ទាយមានជ័យ ៖ នៅ​ស្រុក​មង្គល​បូរី និង​ស្វាយចេក​ មាន​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង ​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩​ លុះ​ថ្ងៃទី​២៥មីនា​ មាន​កម្លាំង​ចម្រុះ​ នគរបាល ​និង​កង​កម្លាំង​ផ្សេងទៀត​ បាន​ចុះជួយ​ជួសជុល​ជូន​បងប្អូន​ឡើងវិញ​ ដើម្បី​ធ្វើការ​សម្រួល​ក្នុងការ​រស់នៅ​របស់​គាត់​។​

គួរបញ្ជាក់​ផងដែរ​ថា​ នៅ​ល្ងាច ថ្ងៃទី​២៤​មីនា​នេះ ​មាន​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​លើក​ទី​២ ​នា​រដូវប្រាំង​ ឆ្នាំ​២០១៩​ នៅ​ខេត្តបន្ទាយមានជ័យ​ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​២ មានស្រុក​មង្គល​បូរី និង​ស្រុក​ស្វាយចេក​ ត្រូវបាន​ខ្យល់​កន្ត្រាក់​បោក​ចំ ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៣២​ខ្នង​ ត្រូវ​ដួលរលំ​នៅ​ថ្ងៃទី​២៤​ ខែមីនា ​ឆ្នាំ​២០១៩​ ក្រោយពី​កើតហេតុ​ហើយ មាន​កម្លាំង​ប្រដាប់អាវុធ ក៏ដូចជា​អាជ្ញាធរ មូលដ្ឋាន បាន​ចុះជួយ​យក​សម្ភារៈ​គ្រឿងផ្ទះ និង​ផ្តល់​ស័ង្កសី ទៅ​ចែកជូន​ពួកគាត់​តាម​ចំនួន ​នៃ​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ។

​លោក​ឧត្ដមសេនីយ៍​ទោ​ អាត់ ខែម ស្នងការ​នគរបាល បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​ ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​នោះ បង្ក​ខូចខាត​របើក​ដំបូល ​និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​អូរ​អណ្តូ​ង​កណ្តាល និង​ភូមិ​អូរ​អណ្តូង​កើត ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី ចំនួន​២០​ខ្នង​។ ​ក៏​របើក​ដំបូង ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ចំនួន​១២​ខ្នង នៅ​ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ​ក្នុងភូមិ​ថ្មី​៨​ខ្នង ភូមិ​ស្លែង​៣​ខ្នង ​ក្នុងនោះ សាលាឆាន់ វត្ត​ថ្មី ១​ខ្នង របើក​ដំបូល ទាំងស្រុង​ចំនួន​៧​ខ្នង។ សរុប​ទាំង​២​ស្រុក មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២​ខ្នង​ខូចខាត សាលាឆាន់​១​ខ្នង របើក​ដំបូល​ទាំងស្រុង​៧​ខ្នង។​

បន្ទាប់ពី​មាន​គ្រោះថ្នាក់​ធម្មជាតិ ​ខ្យល់​កន្ត្រាក់​នោះ ​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាជន និង​ផ្តល់​ស័ង្កសី ជូន​តាម​ខ្នង​ផ្ទះ ទៅតាម​ការខូចខាត​ភ្លាមៗ​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu