Ad Code

អភិបាល​ខេត្តតាកែវ ព្រមាន​ដក​តំណែង​អភិបាលស្រុក​ណា បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​ខុសច្បាប់​ចូល​តាម​ស្រុក​របស់ខ្លួន



តាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ព្រមាន​ចាត់​វិធាន​ក្ដៅ ចំពោះ​អភិបាលស្រុក ក្រុង រូប​ណា ដែល​បណ្ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត​នាំចូល​ជ្រូក ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដឹក​កាត់​តាម​ស្រុក​របស់ខ្លួន ពិសេស​គឺ​ស្រុក​ជាប់​ព្រំដែន​។



ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ស្ដីពី​ការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ ប៊េ​ស្ដ​ជ្រូក​អាហ្វ្រិក កាលពី​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត តាកែវ លោក អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែង​នៅ​ចំពោះ គណៈ​អភិបាលស្រុក ក្រុង និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា ប្រសិនបើ​លោក​ពិនិត្យឃើញថា មាន​អាជ្ញាធរ​មូលដ្ឋាន​ណា មានការ​ពាក់ព័ន្ធ ទៅនឹង​ករណី​នាំ​សត្វ​ជ្រូក​ចូល​តាម​ច្រករបៀង ដោយ​ខុសច្បាប់ ស្រុក​នោះ គឺជា​អ្នកទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់ ជាពិសេស​អាច​នឹងត្រូវ​ដកតំណែង​ចេញ​តែម្តង​។



លោក​អភិបាល​ខេត្តតាកែវ បាន​បន្ត​ថា ចំពោះ​សត្វ​ជ្រូក​ដែល​នាំចូល​តាម​ច្រកព្រំដែន គឺ​ត្រូវតែ​នាំចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​តែមួយគត់ ដើម្បី​ធានា​បាន​សុវត្ថិភាព និង​ភាព​ស្របច្បាប់​របស់​ឈ្មួញ​ទាំងនេះ ជាពិសេស​មិន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធគយ ដែល​ជា​ការ​ធ្វើ​ឲ្យ​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ថែម​មួយកម្រិត​ទៀត​។



លោក អ៊ូច ភា បាន​បន្ថែមថា ប្រសិនបើ​ឃើញ​ឡាន​ដឹក​ជ្រូក ដែល​ឆ្លងកាត់​មូលដ្ឋាន​របស់ខ្លួន​តាម​ស្រុក ក្រុង​នីមួយៗ អាជ្ញាធរ​ស្រុក ក្រុង ត្រូវ តែ​ឃាត់ទុក​រថយន្ត​ដឹក​ជ្រូក​នេះ ហើយ​ឆែក​មើល​ឯកសារ​ពាក់ព័ន្ធ ថា​តើ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែល​ចេញពី​ក្រសួងកសិកម្ម​ដែរឬទេ​? បើ​ការ​ដឹក​ជ្រូក​ចូល​នោះ​មិន​ស្របច្បាប់​ទេ ត្រូវ​រកមុខ​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ឃើញ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន ស្រុក ក្រុង ណា​ដែល​ចាប់បាន​ឡាន​ដឹក​ជ្រូក ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះ នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត ចំនួន ១​លាន​រៀល ពី​រូបលោក​ផ្ទាល់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu