ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង បានជួបពិភាក្សាជាមួយ លោក យូ ស៊ីងជួន (YU Xingjun) អគ្គនាយកក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោក រដ្ឋមន្ត្រី សំដែងនូវការស្វាគមន៍ និងបានជម្រាបអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងដោយឡែកលើវិស័យធនធានទឹករវាងប្រទេសទាំងពីររួចមក លោក យូ ស៊ីងជួន បានថ្លែងអំណរគុណចំពោះលោក រដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរ និងពិភាក្សាការងារ ក្នុងកំឡុងពេលដែលលោក មានបេសកកម្មការងារនៅកម្ពុជា។
លោក យូ ស៊ីងជួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោក រដ្ឋមន្ត្រី ពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក បានវាយតម្លៃខ្ពស់ចំពោះភាព រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យធនធានទឹក រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះ ភាគីចិន បានជួយដល់កម្ពុជាលើ៖ ១)ការបណ្តុះបណ្តាលធនធានមនុស្ស ២)ការសិក្សា ប្លង់មេស្តីពីផែនការគម្រោងធនធានទឹកនៅកម្ពុជា ៣)គម្រោងសាងសង់វិទ្យាស្ថានធនធានទឹក និង ៤)ការអនុវត្តគម្រោងលើការអភិវឌ្ឍធនធានទឹកតាមស្ទឹង អាងទឹក ប្រព័ន្ធស្រោចស្រព ការការពារទឹកជំនន់ជាដើម ដែលការជួយគាំទ្រទាំងនេះ បាននឹងកំពុងរួមចំណែកជួយដល់ការអភិវឌ្ឍ និងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយដល់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋមន្ត្រី និងលោក យូ ស៊ីងជួន បានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយភារតៈស្និតស្នាលលើការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក និងបានប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងភាពកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យធនធានទឹករវាងប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕
Source: Kampuchea Thmey Daily
0 Comments