ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ បានផ្តល់មូលនិធិសប្បុរសធម៌ជាថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិកដល់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីយកទៅជួយសង្គ្រោះដល់កុមារកម្ពុជា។
ពិធីប្រគល់ថវិកានេះបានធ្វើឡើងដោយមានការចូលរួមពីលោកស្រី ងួន សុខា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជានិងលោកឧកញ៉ា វ៉ាន់ ស៊ូអៀ ងប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។
ថវិកានេះ បានមកពីការរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំលើកទី២៣ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩កន្លងទៅ។
លោកលោកឧកញ៉ា វ៉ាន់ ស៊ូអៀ ងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការនាំមកនូវវិភាគទានសប្បុរសធម៌ ដែលទទួលបានពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងរោងចក្រនានា ដែលបានចូលរួមក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំលើកទី២៣នេះ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានលើកឡើងថា ការចូលរួមវិភាគទាននេះ គឺដើម្បីរួមចំណែកតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានបេសកកម្មក្នុងការស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ាប្រធាន GMAC បានសន្យានឹងនាំមកនូវថវិកាបរិច្ចាគបន្ថែមទៀតនិងពិនិត្យលទ្ធភាពនៃកិច្ចសហការនានានៅក្នុងពេលអនាគតដើម្បីរួមគ្នានាំភាពញញឹមជូនកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ជាការឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌ នេះ លោកស្រី ងួន សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកផ្តល់វិភាគទាននេះ និងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកនៃបណ្តារោងចក្រកាត់ដេរទាំងអស់ ដែលបានចូលរួមកម្មវិធីជួបជុំ និងបានបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកស្រីក៏បានបន្តលើកទឹកចិត្តដល់ GMAC ឲ្យជួយបន្តផ្សព្វផ្សាយ និងបំផុសចលនាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងស្នើឲ្យបន្តកិច្ចសហការ និងការចូលរួមនេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការទទួលពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជាប្រកបដោយគុណភាព និងឥតគិតថ្លៃ៕
Source: Kampuchea Thmey Daily
0 Comments