ប្រដាល់ ៖ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា ដែលត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ ឈ្មោះ កាហ្វារី (Gafari Goloojeh) នៅក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍(SEATV) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នោះ គឺបានត្រឹមស្មើគ្នាតែប៉ុណ្ណោះ។
ពីរនាក់នេះ ប្រកួតគ្នាប្រាំទឹកពេញ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។ កាហ្វារី បានបែកចុងភ្នែកខាងស្តាំក្នុងទឹកទី៤ ដោយសារកែងរបស់ មាស សុជាតិ។ អ្នកប្រដាល់ អ៊ីរ៉ង់ នេះ ពុំមែនជាជើងខ្លាំងនោះទេ គេទើបមកស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណា មាស សុជាតិ គេពិបាកវាយទៅលើកាហ្វារីនោះណាស់ ដោយសារគែខ្ពស់ ហើយកណ្ដាប់ដៃរបស់គេ ក៏លឿន រហ័ស និងខ្លាំងណាស់ដែរ ដែលធ្វើឲ្យ សុជាតិ ត្រូវច្រើនដៃគួរសមដែរ នៅពេលដែលគេព្យាយាមចូលជិតដើម្បីអោបប្រើជង្គង់ និងកែងនោះ។ ម្ល៉ោះហើយ ទើបចប់ការប្រកួត៥ទឹក មាស សុជាតិ បានត្រឹមស្មើពិន្ទុប៉ុណ្ណោះ។
សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ បានផ្ដួល ថន ភឿត អ្នក ប្រដាល់ក្លិបឃ្លាំងមឿងកីឡា ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទឹកទី៣។ ពីរនាក់នេះ ជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
ថន ភឿត ត្រូវសុវណ្ណ ទាត់ជើងរហូតដល់ឈឺ ត្រូវអាជ្ញាកណ្ដាលរាប់៨ ពីរដងក្នុងទឹកទី៣នេះ ហើយនៅពេលដួលម្តងទៀត គេក៏បោះបង់ការប្រកួតតែម្តង ព្រោះតែឈឺជើងខាងស្តាំ មិនអាចបន្តការប្រកួតទៀតបាន។
ចំណែក សេន កុសល អ្នកប្រដាល់ក្លិបមោងឬស្សីមរតកគុនខ្មែរ ត្រូវគ្រូពេទ្យបញ្ឈប់លែងប្រកួត ដោយសារតែគេមានរបួសធំ(បែកថ្ងាស) ហូរឈាមច្រើនពេក និងរំខានដល់ការប្រកួតទៀតផង។ រីឯ នួន ម៉ារ៉ាឌី អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ ប្រកួតស្មើជាមួយ សេក សាវ៉ាន់ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ហើយខាំ សុវណ្ណនិត វាយឈ្នះឆាំ សុជាតិ ក្លិបកុលបុត្រគុនខ្មែរក្នុងទឹកទី៤។
•ហ៊ឹម សេរី ស្មើ ស៊ុម ជីឡេក ឯ វង្ស វិឆ័យ ចាញ់ ម៉ាទីន ដោយពិន្ទុ
អ្នកប្រដាល់ហ៊ឹម សេរី ក្លិបតាព្រហ្មមានជ័យ បានវាយស្មើជាមួយអ្នកប្រដាល់ជើង ខ្លាំង ថៃស៊ុម ជីឡេក (Suom Chilek) ក្នុងការជួបប្រកួតគ្នានៅលើសង្វៀនSEATVកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះដែរ។
ហ៊ឹម សេរី ដែលកន្លងមកកម្រមានអ្នកប្រដាល់ថៃអាចយកឈ្នះ ឬក៏ស្មើជាមួយគេបានណាស់ តែលើកនេះត្រូវប៉ះជួបប្រកួតជាមួយអ្នកប្រដាល់ថៃស៊ុម ជីឡេក សេរីទៅអត់រួចដែរ ដោយសារអ្នកប្រដាល់ថៃរូបនេះ គេខ្លាំង និងរឹងមាំពេក។
ស៊ុម ជីឡេក មកជួបសេរីលើកនេះ ដើម្បីសងសឹកអោយមិត្តរួមជាតិរបស់គេ ប៉ុន្តែពុំអាចធ្វើបានសម្រេច ដោយសារហ៊ឹម សេរី គេខ្លាំងហួសពីការគិតទុកមុនរបស់គេ។
ចំពោះ វង្ស វិឆ័យ អ្នកប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានវាយចាញ់អ្នក
ប្រដាល់អ៊ីរ៉ង់ឈ្មោះ ម៉ាទីន (Matin) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។
ក្នុងការប្រកួត៥ទឹកនោះ វិឆ័យ បានព្យាយាមសម្រុកវាយកែង និងជង្គង់ទៅលើ ម៉ាទីន ខ្លាំងណាស់ដែរ ប៉ុន្តែមិនអាចផ្ដួលអ្នកប្រដាល់អ៊ីរ៉ង់រូបនេះបាន ព្រោះម៉ាទីន គេមានការប៉ិនប្រសប់ខាងប្រដាល់នេះដែរ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អេលីត កែវឡុង អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ដែលឡើងប្រកួតសងសឹកមាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ ខេត្តរតនគិរី ក្នុងទម្ងន់៦០គីឡូក្រាមនោះ បានត្រូវមាឃ វណ្ណារ៉ា វាយឲ្យសន្លប់ក្នុងទឹកទី២។ កាលពីជួបគ្នាលើកមុន កែវឡុង វាយចាញ់វណ្ណារ៉ា ត្រឹមពិន្ទុប៉ុណ្ណោះ។
វ៉ែន សុវណ្ណ អ្នកប្រដាល់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង បានប្រកួតចាញ់លួន សុខខេង អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ក្នុងទឹកទី២ ក្រោយពីសុខខេងទាត់ឲ្យខូចជើងនោះ។
•នី សុភី ជួបជើងខ្លាំងផុង សារិ បានត្រឹមស្មើ ខណៈ ធន អៀងឡៃ ចាញ់ម៉ាធី ដោយពិន្ទុ
អ្នកប្រដាល់ថៃ២រូប ដែលឆ្លងដែនមកប្រកួតជាមួយអ្នកប្រដាល់ខ្មែរ កាលពីរសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩ នៅលើសង្វៀនប្រដាល់SEA-TVនោះ ម្នាក់បានស្មើ និងម្នាក់ទៀតបានឈ្នះ។
អ្នកប្រដាល់ថៃដែលបានស្មើនោះ គឺ នី សុភី អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ក្លិបសាលវ័ន្តកីឡា និងធន អៀងឡៃអ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដើម្បីតទល់ជាមួយអ្នកប្រដាល់ថៃ២នាក់ដែលឆ្លងដែនមកនោះ។
អ្នកប្រដាល់ថៃ ផុង សិរិ (Phong Seri) ដែលជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ដល់ទៅ៣ ដែលបានជួបប្រកួតជាមួយ នី សុភី អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជានៅក្លិបសាលវ័ន្តកីឡា។
នី សុភី គេត្រូវដួលដោយសារផុង សិរិ កាច់ផ្ដួលច្រើនលើកពេក ទើបពុំបានឈ្នះនោះ។ សុភី ពុំមានឪកាសយកឈ្នះលើផុង សិរិ បានឡើយ ក្នុងការប្រកួត៥ទឹកនោះ។
ផុង សិរិនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងហើយ ដោយត្រូវបឺត ខាំ វាយឲ្យចេញបាយក្នុងទឹកទី៤ កាលពីប៉ុន្មានឆ្នាំមុននៅលើសង្វៀនSEATVនេះ។
ចំពោះ ធន អៀងឡៃ អ្នកប្រដាល់ស្រករក្រោយនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ គេប្រកួតចាញ់អ្នកប្រដាល់ថៃចំណូលថ្មីឈ្មោះម៉ាធី( Mathy) ដោយពិន្ទុ ក្នុងការជួបគ្នា ទម្ងន់៥៤គីឡូក្រាម។
សូមបញ្ជាក់ថា ម៉ាធី នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរបីលើកហើយកន្លងមក ដោយវាយឈ្នះទាំងបីលើក។ នេះជាលើកទី៤ សម្រាប់រូបគេដែលបានឈ្នះអ្នកប្រដាល់ខ្មែរ( ធន អៀងឡៃ) ម្នាក់ទៀតនោះ។ ម៉ាធីនេះ នៅស្រុកថៃ គេជាជើងឯករងខ្សែក្រវាត់ នៅក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ៕
Source: Kampuchea Thmey Daily
0 Comments