ភ្នំពេញ ៖ រថយន្តដឹកទឹកកកដែលសាក្សីអះអាងថាបើកបរលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន បានជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ៣៦៩មុខផ្ទះលេខ០១១ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៩ ខែមីនានេះ មានរថយន្តដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខព្រៃវែង 2A 07 61បានបើកបរតាមបណ្តោយផ្លូវលេខ៣៦៩ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះទៅដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
លោកអធិការរងបញ្ជាក់ថា ម្ចាស់ម៉ូតូដែលស្លាប់មានឈ្មោះផាន់ វ៉ាន់ថាវ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិ២ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខវៀតណាម(67.G1.8272)។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុឈ្មោះវន វឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទឹកកកស្នាក់នៅភូមិលេខ៩ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវនគរបាលឃាត់ខ្លួនបាន។
លោកអធិការរងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។ ដូច្នេះកំហុសនេះគឺដោយសារអ្នកបើកបរមានការធ្វេសប្រហែស៕
Source: Kampuchea Thmey Daily
0 Comments