Ad Code

ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ខ្សាច់ ថ្ម និង​ជីក​អាចម៍ដី​ ប្រឈមមុខ​ការ​បិទ​អាជីវកម្ម​ ប្រសិនបើ​មិន​គោរព​តាម​កិច្ចសន្យា និង​ការណែនាំ​របស់​មន្ត្រី​ជំនាញ



កំពង់ស្ពឺ​ ៖​ ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ខ្សាច់ ថ្មភ្នំ និង​អាចម៍ដី​ជាច្រើន​ទូទាំង​ខេត្តកំពង់ស្ពឺ ដែល​មិន​គោរព​តាម​កិច្ចសន្យា និង​ការណែនាំ​របស់​មន្ត្រី​ជំនាញ​ព្រមទាំង​អាជ្ញាធរខេត្ត នៅតែ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​ការដ្ឋាន និង​តាម​ដងផ្លូវ​នានា ​ត្រូវ​ប្រឈម​មុខ​នឹង​ការបិទ​អាជីវកម្ម​តែម្តង។

ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ កម្លាំង​នគរបាល​សណ្តាប់ធ្នាប់ ចរាចរណ៍ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៩​​កន្លងទៅ បាន​ប្រតិបត្តិ​ការចាប់​រថយន្ត​ដឹក​ខ្សាច់ អាចម៍ដី និង​ថ្ម​ចេញពី​ការដ្ឋាន​មួយចំនួន​ដែល​មិន​គោរព​តាម​ការណែនាំ និង​កិច្ចសន្យា​របស់​មន្ត្រី​ជំនាញ។

លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពុងស្ពឺ បានដាក់​កម្លាំង​នគរបាល​ចុះ អនុវត្តតាម​គោលការណ៍ ស្មារតី​អង្គប្រជុំ​របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​តាម​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ឲ្យ​ធ្វើ​ការឃាត់​រថយន្ត​ដឹក​ថ្ម ខ្សាច់ ល្មើស​នឹង​ស្មារតី​អង្គ​ប្រជុំបាន​ឯកភាព​រវាង​ម្ចាស់​អាជីវកម្ម​ជាមួយ​អាជ្ញាធរ​បាន​ចំនួន ៥៦​គ្រឿង នៅ​ថ្ងៃ​ទី​០៩ ខែមីនា​នេះ។

សូម​រម្លឹកថា កាល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ កន្លងមក នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាជីវករ​រ៉ែ​សំណង់ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​គោលបំណង​សំខាន់​នៃ​កិច្ច​សំណេះសំណាល​ដើម្បី​ធ្វើការ​រំលឹក​អំពី​លក្ខខណ្ឌ​មួយចំនួន​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ទុក​លទ្ធភាព​រហូតដល់​ថៃ្ង​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ​នេះ ដើម្បីឱ្យ​ខាង​ជំនាញ​ធនធាន​រ៉ែ និង​ម្ចាស់​អាជីវកម្ម​ សិក្សា​ផលប៉ះពាល់​មួយចំនួន​នៅ​មូលដ្ឋាន​ផ្ទាល់​តែម្តង។

សូមបញ្ជាក់ថា ក្រុមការងារ​ចម្រុះ​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​ស្រុកក្រោម​ការចុះ​ដោះស្រាយ​ផ្ទាល់​របស់លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ កំពុង​តាមដាន​បន្ត​រាល់​សកម្មភាព​ក្រុមហ៊ុន​មួយណា​មិន​គោរព​តាម​ការណែនាំ និង​កិច្ចព្រមព្រាង​ជាមួយ​មន្ត្រី​ជំនាញ។

ការចុះ​តាមដាន​ជាប្រចាំ​ពី​សកម្មភាព​ដឹកជញ្ជូន​ថ្ម ខ្សាច់​នេះ បន្ទាប់ពី​មាន​ចំណាត់ការ​លើ​ក្រុមហ៊ុន​អាជីវកម្ម​ចំនួន ០៦ ក្រុមហ៊ុន​ក្រុមការងារ​ក៏បាន​សង្កេតឃើញ​នូវ​ស្មារតី​គាំទ្រ និង​ការចូល​រួមសហកា​រយ៉ា​ង​ស្មោះស្ម័គ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួនធំ​ស្របតាម​ស្មារតី​ដែល​បាន​ឯកភាពគ្នា​ក្នុង​កិច្ចព្រមព្រៀង កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​កន្លងមក។ ក្រុមការងារ​ប្តេជ្ញា​បន្ត​តាមដាន​ការអនុវត្ត​ស្មារតី នៃ​កិច្ចប្រជុំ​ខាងលើ​ដើម្បី​ធានាថា​ផលប្រយោជន៍​រួមមួយ​អាច​សម្រេចបាន​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ។

សូមបញ្ជាក់ថា បើទោះជា​មានការ​ឯកភាព​គ្នា​ក្នុងជំនួប កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ រវាង​ភាគី​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ដោយ​ក្រុមការងារ​សង្កេតឃើញថា ក្រុមហ៊ុន​មួយចំនួន​នៅតែ​បន្តសកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ខាងលើនេះ​ដដែល។

ជា​ចំណាត់​ការឆ្លើយតប​ទៅនឹង​សកម្មភាព​គឃ្លើន​នេះ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត​រួមជាមួយ​នឹង​តំណាង​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ផ្អាក​សកម្មភាព​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចំនួន​០៦ និង​បាន​ឈានទៅដល់​ការព្យួរ​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​រយៈពេល ០១​សប្តាហ៍​ទុកជា​ការព្រមាន។

ក្រុមការងារ​បាន​កោត​សរសើរ និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដែលមាន​នូវ​ចំណាត់ការ​ទាន់ពេលវេលា និង​ប្រកបដោយ​ភាពម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ទាំងនេះ។

ជាមួយគ្នានេះដែរ ក្រុមការងារ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួម​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ខាងលើ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ ក្រុមការងារ​នឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការអនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ខាងលើ។

ដើម្បី​ឆ្លើយ​តម​អំពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​ថ្ម ក្រុមការងារ​បាន​អញ្ជើញ​ភាគី​ដែល​ពាក់ព័ន្ធ​រួមមាន​៖ តំណាង​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា ជំរុញឱ្យមាន​ការដោះស្រាយ និង​ឈានទៅដល់​ការអនុវត្ត​ជាក់ស្តែង​លើ​ចំណុច​ដែល​បាន​ឯកភាព​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​៖ ១)​សកម្មភាព​នៃ​ការ​កិន និង​ការ​បំផ្ទុះ មិនត្រូវ​ធ្វើ​ហួស​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ៦​ល្ងាច។ ២) ការ​ស្រោច​ទឹក​ថ្នល់​ជាប្រចាំ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ជីវភាព និង​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ។ ៣) ការដឹកជញ្ជូន​ត្រូវ​រក្សា​នូវ​គម្លាត​យ៉ាងតិច ១៥០​ម៉ែត្រ ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ និង​ដោយ​រក្សា​ល្បឿន​យឺត​បំផុត​នៅក្នុង​ទីប្រជុំជន។ ៤) ក្រុមហ៊ុន​ត្រូវ​រួមគ្នា​ចេញ​បដិភាគ​ជួសជុល​ផ្លូវ ដែល​រង​ការខូចខាត​ដោយសារ​ការដឹកជញ្ជូន​របស់ខ្លួន។

គួរ​រំឮក​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការវិនិយោគ​ធនធាន​រ៉ែ ដើម្បី​ចូលរួមចំណែក​ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស មិនត្រូវ​ធ្វើឱ្យប៉ះពាល់​ដ​ល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ។ចំពោះ​បញ្ហា​នេះ ក្រុមការងារ​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ខាងលើ ធ្វើយ៉ាងណា​ដើម្បី​ធានា​អោយបាន​នូវ​ភាព «​ឈ្នះ ឈ្នះ​» សម្រាប់​ភាគី​ទាំងអស់​នៅក្នុង​រឿងនេះ​ផងដែរ។

សូមបញ្ជាក់ថា ក្រោយ​កិច្ចប្រជុំ​នៅ​សាលា​ខេត្ដ​ម្ចាស់​អាជីវកម្ម​ការដ្ឋាន​ប្រមូល​ធនធាន​រ៉ែ​មួយចំនួន​នៅតែ​បន្ដ​ធ្វើ​ការដឹកជញ្ជូន​ធនធាន​រ៉ែ​ថ្ម​ចេញពី​ការដ្ឋាន​ផ្ទុយ​ និងល្មើ​ស​ស្មារតី​អង្គប្រជុំ កងកម្លាំង​នគរបាល​បានចេញ​ប្រតិ​ប​ត្ដិ​ការ​ក្ដៅ​តាម​ចាប់​រថយន្ដ​ទាំងនោះ​តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu