រតនគិរី ៖ រថយន្តបុកម៉ូតូ ខណៈកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ស្រាល២នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ។
មន្ត្រីនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កាត គ្ទេស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បានរងរបួសធ្ងន់ ត្រូវ ក ជើងខាងស្តាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី ១-E ៩០០៤។
អ្នករួមដំណើរឈ្មោះ រវែង ខ្វាន់ ភេទស្រី អាយុ០៦ឆ្នាំ ជនជាតិទំពួន រងរបួស ស្រាល អ្នកទាំងពីរនាក់ រស់នៅភូមិកប(ត្រុំ) ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
រីឯអ្នកបើកបររថយន្តឈ្មោះ ស៊ុន ទូច ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា រស់នៅភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បើកបររថយន្តមួយគ្រឿងម៉ាក Mitsubish pajero ពណ៍ប្រផេះ ពាក់ស្លាកលេខ ខ ៨២៤៧ ភ.ព២ មិនមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទីចាក់ បានធ្វើការដកហូតយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments