អ្នកប្រដាល់កម្ពុជាឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ យុគផេត ផេតកាសាម (Yokpetch Petchkasam) កាលពីយប់ថ្ងៃអាទិត្យ ទី១០ខែមីនា ឆ្នាំ២០១៩ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យនោះ បានវាយឈ្នះដោយពិន្ទុ។
ការឈ្នះរបស់ឡៅ ចិត្រា គឺមានលក្ខណៈប្រផុតប្រផើយប៉ុណ្ណោះ។ ក្នុងការប្រកួត៥ទឹក ឡៅ ចិត្រា គ្រាន់តែបានវាយចេញ និងត្រូវ យុគផេត ច្រើនជាង តែបើថាឲ្យ ចិត្រា ឈ្នះដាច់នោះ គឺពុំអាចថាបានឡើយ។ ចិត្រា ពេលខ្លះក៏ត្រូវ យុគផេត វាយសឹងតែការពារមិនបានផង ព្រោះអ្នកប្រដាល់ថៃម្នាក់នេះ គេខ្លាំងគួរសមដែរ និងរឹងមាំថែមទៀត។
អ្នកប្រដាល់ថៃ យុគផេត នេះ ជាជើងខ្លាំងម្នាក់នៅស្រុកថៃ ដែលមានស្នៀតប្រដាល់ល្អ និងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ ព្រោះគេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ២-៣ដងហើយ ក្នុងនោះគេធ្លាប់ប៉ះជាមួយឃុន ឌីម៉ា ពីរដង ដោយវាយស្មើពិន្ទុគ្នាម្តង និងចាញ់ឌីម៉ា ក្នុងទឹកទី២ម្តង ហើយចុងក្រោយនេះ គេវាយឈ្នះ ចាន់ ស៊ីណាត ក្នុងទឹកទី៤។
ធន់ ចាន់តាក់ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ គេប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ ចាក់រ៉ូត ភេត (Chakrout Phat) បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦៣,៥ ០០គ.ក្រ។
ចាន់តាក់ ព្យាយាមវាយប្ដូរកែងជាមួយ រិទ្ធអៃយ៉ា លូកមឿងផេត ប៉ុន្តែមិនអាចផ្ដួលយកឈ្នះអ្នកប្រដាល់ថៃនេះបាន។ ក្នុងការវាយប្ដូរកែង ទាំងធន់ ចាន់តាក់ និងរិទ្ធអៃយ៉ា សុទ្ធតែបែកឈាមមុខដូចគ្នា។
ចំណែក មាស សារ៉ាក់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដែលគេផ្គូឲ្យជួបប្រកួតជាមួយកំពែង ខ្មៅ អ្នកប្រដាល់ជើងខ្លាំងសមាគមប្រដាល់ក្រសួងកសិកម្មវិញនោះ បានផ្ដួលយកឈ្នះកំពែង ខ្មៅ ក្នុងទឹកទី៣ប៉ុណ្ណោះ។
កំពែង ខ្មៅ ត្រូវសារ៉ាក់ អុកជង្គង់ចូលពោះដួលសន្លប់លែងក្រោក។ តែនៅក្នុងការប្រកួតទឹកទី១ កំពែង ខ្មៅ បាន វាយ សារ៉ាក់ បែកមាត់ដោយកែង និងត្រូវអាជ្ញាកណ្ដាលរាប់សារ៉ាក់ ដល់៨ ទើបសារ៉ាក់ បន្តការប្រកួតរហូតមកដល់ទឹកទី៣ ផ្តួលកំពែង ខ្មៅអោយសន្លប់នេះ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
•ជ័រ ពៅ ចាញ់សួង សុវណ្ណថា ឯគួន ប៊ុនហ៊ីម ឈ្នះ អេ រ៉ាវ៉ាន់ ចាន់រាជ
អ្នកប្រដាល់ស្រករក្រោយជ័រ ពៅ ក្លិបថ្មគោលពោធិ៍សែនជ័យ ដែលជួបប្រកួតជាមួយសួង សុវណ្ណថា អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធក្នុងនាមជាគូឯក សម្រាប់ការប្រកួតកាលពីរសៀលថ្ងៃទី០៩ មីនា២០១៩ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យនោះ បានវាយចាញ់ សុវណ្ណថា ក្នុងទឹកទី៥ ។
អេ រ៉ាវ៉ាន់ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា ប្រកួតចាញ់គួន ប៊ុនហ៊ីម អ្នកប្រដាល់ជើងចាស់ក្លិបពន្លឺសាមគ្គីមកពីខេត្តបាត់ដំបង ដោយពិន្ទុ។ ពួកគេប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេពីមុនមក។
ម៉ន វណ្ណី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានយកឈ្នះជន សាវុធ អ្នកប្រដាល់ក្លិបកងពលដឹកជញ្ជូនលេខ៩០ ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
សំណាង ចាន់នឿន អ្នកប្រដាល់ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ត្រូវសយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធ ពោធិ៍សែនជ័យ វាយឲ្យសន្លប់ក្នុងទឹកទី២ ហើយលី រិទ្ធី ក្លិបមីស្ទឺលីគុនខ្មែរ បានផ្ដួល ទឹម សុវណ្ណគិរី ក្លិបនាគរាជមានជ័យ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ដែរ៕
Source: Kampuchea Thmey Daily
0 Comments