ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញតាមស្រាវជ្រាវរហូតឃាត់ខ្លួន ក្រោយបង្ហោះយន្តហោះប្រភេទDrone នៅលើតំបន់ហាមឃាត់។
សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង០៥នាទី កម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ដល់ក្នុងបរិវេណវត្តលង្កា ក្នុងទឹកដីខណ្ឌចំការមន ព្រោះតែរូបគេបានបង្ហោះយន្តហោះខ្នាតតូចប្រភេទ Droneចេញពីក្នុងបរិវេណវត្តមកលើតំបន់ហាមឃាត់ដើម្បីថត ចាប់យកពីទិដ្ឋភាពផ្សេង និងជាពិសេសនោះគឺហោះលើភូមិគ្រឹះសម្ដេចតេជោតែម្តង។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខណៈដែលឃើញយន្តហោះប្រភេទDrone មួយគ្រឿងនោះ ហោះហើរភ្លាមៗ ក៏កម្លាំងជំនាញចេញតាមរកគោលដៅដែលហោះចេញភ្លែត ឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាមរូបនោះ រួមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្នជនជាតិវៀតណាមរូបនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់ចេញសេចក្តីជូនដំណឹងក៏ដូចជាការបិទស្លាកសញ្ញាដែលហាមឃាត់ ពីការបង្ហោះ Drone នៅតំបន់ហាមឃាត់មួយចំនួន ក្រោមហេតុផលប៉ះពាល់សន្តិសុខនិងសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋផងដែរ តែក៏នៅតែមានជនបរទេសមួយចំនួនដែលគាត់មិនបានយល់ដឹងនឹងការហាមឃាត់បង្ហោះDroneនោះ នៅតែបង្ហោះក៏ត្រូវកម្លាំងអាជ្ញាធរខណ្ឌដូនពេញចាប់បន្តបន្ទាប់ជាច្រើននាក់មកហើយរួចបញ្ជូនទៅនាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments