Ad Code

សម្ដេច​សង្ឃរាជ មាន​ព្រះបន្ទូល​ថា​ អាជ្ញាធរ និង​ប្រធាន​សហគមន៍ ត្រូវ​សហការ​គ្នា អនុវត្តន៍​គម្រោង​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​ឲ្យ​បាន​ជោគជ័យ​



សៀមរាប ​៖ សម្ដេច​សង្ឃរាជ​ ទេព វង្ស មាន​ព្រះបន្ទូល​កាលពីពេល​ថ្មីៗ​នេះ​ថា ប្រធាន​សហគមន៍​ប្រើប្រាស់​ទំនប់​អាងទឹក​ជ្រាវ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​គម្រោង​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​ ឲ្យ​បាន​ជោគជ័យ ទោះ​មានការ​លំបាក​ប៉ុណ្ណា​ ក៏ត្រូវ​ព្យាយាម​។​

សម្តេច​សង្ឃរាជ​ មាន​ព្រះបន្ទូល​នេះ គឺ​កាលពី​រសៀល​ថ្ងៃទី​១៩​មីនា នៅ​ចំណុច​សាលាឆទាន ​ទំនប់​ទឹក​៧៨ ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​សម្តេច​យាង​ទៅពិនិត្យ​ការដ្ឋាន​សាងសង់​មជ្ឈ​មណ្ឌល​វប្បធម៌​សន្តិភាព ឬ បារាយ​សិប្បនិម្មិត​។

សម្តេច​បន្តថា ក្រោយពី​គម្រោង​នេះ​ចាប់ដំណើរការ ក៏​លេចឮ​ពាក្យ​ថា សម្តេច​ផ្ទាល់​បានចេញ​លិខិត​និរាករណ៍ ដោយសារតែ​អ្នក​អនុវត្តន៍​គម្រោង​នេះ​ ជីក​យក​អាចម៍​បាត​បារាយណ៍​លក់​។ ចឹ​ង​ទេ ​ចាំបាច់ ​ត្រូវតែ​ចុះមក​ពិនិត្យ ហើយ​ផ្តល់ព័ត៌មាន​ដល់​អ្នកកាសែត ដើម្បី​ផ្សព្វផ្សាយ​កុំ​ឲ្យ​ខុស​ការពិត​។​

សម្តេច​បញ្ជាក់ថា រឿង​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ឬ​បារាយណ៍​សិប្បនិម្មិត គឺ​គ្មាន​ពាក្យ​ថា និរាករណ៍​នោះឡើយ​។

ប្រធាន​សហគមន៍​បឹង​ពារាំង និង​ជា​ប្រធាន​សហគមន៍​ទំនប់​ទឹង​ជ្រាវ រួមទាំង​លោក​ចៅសង្កាត់​ជ្រាវ ត្រូវ​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ បន្ត​អនុវត្ត​គម្រោង​នេះ​ ឲ្យ​បាន​ជោគជ័យ ទោះ​បី​មាន​ដៃគូ​បរទេស​មក​សហការ ឬ​មិនមាន​ក៏ដោយ​។ សុំ​កុំ​ធ្វើ​អ្វី​ខុសពី​ការពិត ហើយក៏​សុំ​កុំ​ធ្វើ​អ្វីដែល​មិន​ចំណេញ​។ ចំពោះ​អ្នក​ដែល​និយាយ​ខុស​ការពិត ឬ​ផ្សព្វផ្សាយ​ខុស​ការពិត អាច​ទទួល​បាបកម្ម​។

ព្រះអង្គ​បន្តថា ព្រះអង្គ​មាន​ព្រះជន្ម​៨៨​ឆ្នាំ​ហើយ ពុំមាន​លទ្ធភាព​រក​ថវិកា​មក​កសាង​បារាយណ៍​នេះ​ទេ​។ ដូច្នេះហើយ ​អ្នកអនុវត្ត ត្រូវ​ចេះ​ប្រើ​វិធី​ណា​ដែលមាន​ផលប្រយោជន៍ ដែល​ចំណេញ គឺ​យក​ស្លឹក​ត្នោត ខ្ចប់​ស្ករត្នោត​។ ពីព្រោះថា គម្រោង​នេះ នឹងមាន​គ្រប់យ៉ាង​ដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន​..។..​ល​។ ចឹ​ង​ទេ ​កូនចៅ​ជំនាន់​ក្រោយ អាចមាន​ឱកាស​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ តាមរយៈ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​ថ្មី ដែល​ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​នេះ​។​

ក្រៅពី​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថ្មី​ហើយ ត្រូវ​រួមគ្នា​ធ្វើ​ផ្លូវ​ចូល​ទៅ​តំបន់​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង ឲ្យ​បាន​ធំ​ទូលាយ​ដើម្បី​ងាយស្រួល​អ្នក​ទេសចរណ៍ ចូលទៅ​ទស្សនា​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ទឹក ព្រមទាំង​ជីវចម្រុះ នៅ​ក្នុង​តំបន់​នោះ​។ ជាមួយគ្នា​នោះ សម្ដេច​សង្ឃរាជ​ ទេព វង្ស ក៏បាន​ទិញ​កូនឈើ​ចំនួន​៥០០០​ដើម ត្រៀម​ដាំ​នា​ដើម​រដូវ​វស្សា ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ​ផង​ដែរ​។ ​ព្រះអង្គ​បញ្ជាក់​ថា ពុំមាន​ការ​និរាករណ៍​ច្បាប់​សាងសង់​បារាយណ៍​នេះឡើយ​។​ ដូច្នេះ​ សូមអ្នក​កាសែត ​និង​មហាជន​ជ្រាប​ជា​ព័ត៌មាន​ផង​ចុះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu