បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្មខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការអះអាងថា ស្រូវប្រាំងរបស់កសិករនៅខេត្តបន្ទាយមានជ័យនាឆ្នាំ២០១៩នេះ បានធ្វើលើសផែនការ មកទល់ពេលនេះបានបញ្ចប់ការច្រូតកាត់អស់ហើយផងដែរ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ការប្រមូលផលស្រូវប្រាំង ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរហើយ លើផ្ទៃដីចំនួន៤៧.០២៥ហិកតា ដែលក្នុងនោះ ស្រុកផលិតបានច្រើនជាងគេ គឺស្រុកមង្គលបូរី បន្ទាប់មកស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ។ ចំណែក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា សូមជូនពរ និងអគុណបងប្អូនប្រជាកសិករ ដែលបានខិតខំបង្កបង្កើនផលស្រូវរដូវ ក្នុងឆ្នាំ២០១៨កន្លងមកនេះ សម្រេចបានលើសផែនការកំណត់ ក្នុងនោះស្រូវវស្សាជាង១០០ភាគរយ លើផែនការ២៥០.៥០០ហិកតា និងស្រូវប្រាំងជាង២០០ភាគរយ លើផែនការជាង២០.០០០ហិកតា តែតាមការជាក់ស្តែង ការប្រមូលផលស្រូវប្រាំង បានចប់តាំងពីម្តុំខែមករាមកម្ល៉េះ ដោយសារកត្តាខ្វះទឹក ហើយអាជ្ញាធរហាមការប្រើប្រាស់ទឹកធ្វើស្រូវប្រាំងលើកទី២ផងដែរ។ ទោះយ៉ាងណា ក៏ លោក សួន បវរ ចៀសវាងមិននិយាយពីការលួចទឹកប្រើប្រាស់ក្នុងការធ្វើស្រូវប្រាំងលើកទី២ ក៏ដូចជាការខឹងសម្បាររបស់កសិករដែលខូចខាតស្រូវ ព្រោះតែហាមបូមទឹកស្រោចស្រពនោះដែរ។ ប៉ុន្តែលោក អគុណបងប្អូនដែលបានចូលរួមរក្សាទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល។ ក្នុងនោះ លោក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅរដូវប្រាំងក្តៅហួតហែង សូមមេត្តាប្រុងប្រយ័ត្នការពារអគ្គិភ័យ ដែលអាចកើតឡើងពីការឆ្លងចរន្តអគ្គិសនី និងភ្លើងធូបទៀន ភ្លើងចង្ក្រាន ជាពិសេសការបោះចោលកន្ទុយបារីទៅក្នុងព្រៃ ដែលនាំដល់ភ្លើងឆេះរាលដាលដល់ភូមិឋានរស់នៅ។
លោកបានបន្ថែមថា សូមអរគុណដល់បងប្អូន ជូនពរសុខសប្បាយទាំងអស់គ្នា និងត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខឆ្នាំនេះ ធ្វើកន្លែងសប្បាយដល់ទៅ៣កន្លែងធំៗជាងឆ្នាំមុនៗ៕
Source: Kampuchea Thmey Daily
0 Comments