ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ នេះ ក្រុមការងារមូលនិធិសប្បុរសធម៌ព្រះចៅអធិការវត្តអូផាល ដឹកនាំដោយ លោក ផល លឹម ប្រធានកិត្តិយសមូលនិធិសប្បុរសធម៌ វត្តអូផាល លោក សំប្រិយ ង៉ាម អនុប្រធានទី១មូលនិធិ លោក ម៉ៅ សារ៉ាវុធ អនុប្រធានទី២ រួមដំណើរជាមួយលោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនគ្រួសារក្រីក្រតាមខ្នងផ្ទះចំនួន១១គ្រួសារ នៅភូមិចំនួនបី ក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
អំណោយដែលផ្តល់ជូននាពេលនោះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ ភេសជ្ជៈចម្រុះ២៥កំប៉ុង មីប្រាំកញ្ចប់ ថវិកាប្រាំម៉ឺនរៀល។
តាមការបញ្ជាក់របស់ លោក សំប្រិយ ង៉ាម បានឲ្យដឹងថា អំណោយទាំងអស់នេះ គឺទទួលបានមកពីព្រះគ្រូ វង្ស វុទ្ធី ព្រះចៅអធិការវត្តអូផាល និងកូនស្រី វង្សស្រីម៉ៅ ព្រមទាំងសប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក នឹងបន្តចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹងចំនួនជាង១០០គ្រួសារ ក្នុងស្រុកចំនួន៥ ក្នុងខេត្តឧត្តរមានជ័យ ដែលសរុបជាទឹកប្រាក់ចំនួន១៤លានរៀល៕
Source: Kampuchea Thmey Daily
0 Comments