ភ្នំពេញ ៖មន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយភាគីកូរ៉េបានបង្កើតមជ្ឈមណ្ឌលព្រះអង្គឌួងនៃក្តីសង្ឃឹមដើម្បីជួយបង្ហាត់បង្រៀនដល់អ្នកជំងឺគថ្លង់ឲ្យចេះនិយាយបានដូចមនុស្សទូទៅដោយឥតគិតថ្លៃ។
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងមានប្រសាសន៍ថា ការបង្រៀនឲ្យអ្នកជំងឺគថ្លង់ចេះនិយាយនេះនឹងជួយឲ្យពួកគេទទួលបាននូវជីវិតថ្មី មានសិទ្ធិរស់នៅនិងចូលរួមសកម្មភាពនានាបានពេញលេ នៅក្នុងសង្គម។
ថ្លែងនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលព្រះអង្គឌួងនៃក្តីសង្ឃឹមនៅព្រឹកថ្ងៃទី២២មីនានៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យបានបន្តថាក្រោយពីអ្នកជំងឺគ ថ្លង់ធ្វើការវះកាត់ដោយម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបរយៈពេល៦ខែអ្នកជំងឺត្រូវទៅរៀននិយាយនៅមជ្ឈមណ្ឌលព្រះអង្គឌួងនៃក្តីសង្ឃឹមដែលមានការបង្ហាត់បង្រៀនដោយគ្រូខ្មែរមានជំនាញច្បាស់លាស់ដែលជួលដោយភាគីកូរ៉េ។
លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថាកុមារដែលមានជំងឺគថ្លង់អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ដោយសារតែកុមារងាយស្រួលហាត់ពត់សំឡេងដែលធ្វើជួយឲ្យកុមារអាចមានលទ្ធភាពស្តាប់ឮនិយាយបាននិងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតាពិសេសកុមារអាចចូលរៀនបានផងដែរខណៈដែលមុនការវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។
ប្អូនស្រីណូក ឆឹស គ្រូបង្រៀននៅមជ្ឈមណ្ឌលព្រះអង្គឌួងនៃក្តីសង្ឃឹមបានមានប្រសាសន៍ថាការបង្រៀនកុមារគថ្លង់ឲ្យចេះនិយាយនេះគឺតាមរយៈម៉ាស៊ីនសម្រាប់ឲ្យអ្នកជំងឺស្តាប់ពីសំឡេង មានបង្រៀនចេញអានចេះនិ យា យនិងមានបង្ហាញនូវរបស់របរអ្វីមួយដើម្បីឲ្យកុមារបានស្គាល់និងនិយាយពីវត្ថុទាំងនោះបានច្បាស់។
ប្អូនស្រីបានបន្តថាការបង្រៀននេះមានរយៈពេល៦ខែសម្រាប់កុមារដែលមានភាពវ័យឆ្លាតអាចឆាប់ចាប់បាននិងរយៈពេល១ឆ្នាំសម្រាប់កុមារដែលមិនសូវចេះនិយាយ។
ប្អូនស្រីបានបន្ថែមថាក្រៅពីនេះប្អូនស្រីក៏បានណែនាំដល់អាណាព្យាបាលឬឪពុកម្តាយជួយបង្ហាត់ឲ្យកូនៗរបស់ខ្លួនឲ្យហាត់រៀននិយាយនៅផ្ទះនូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលាទៅដើម្បីឲ្យអណ្តាតរបស់កុមារក្រលាស់បានលឿននិងឆាប់ចេះនិយាយនិងនិយាយបានច្បាស់ល្អ។
គួរបញ្ជាក់ថាគិតចាប់ខែតុលាឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ននេះមន្ទីរពេទ្យព្រះអង្គឌួងសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េបានធ្វើការវះកាត់ដល់កុមារមានជំងឺគថ្លង់បានចំនួន១០នាក់រួចមកហើយ៕
Source: Kampuchea Thmey Daily
0 Comments