ភ្នំពេញ ៖ ឃើញរូបមួយសន្លឹកនេះ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានឹកឃើញកាលនៅរបបប៉ុល ពត កាលដែលមេខ្មែរក្រហមធ្វើទារុណកម្មមកលើប្រជាពលរដ្ឋខ្លួនឯង ដោយគ្មានត្រាប្រណី ហើយក្នុងមួយថ្ងៃៗប្រជាពលរដ្ឋស្លាប់រាប់ម៉ឺន តែពេលនោះក្រុមខ្មែរបក្សប្រឆាំងអត់ហ៊ានចេញមុខមកជួយរំដោះប្រជាពលរដ្ឋខ្មែរឡើយ ព្រោះសូម្បីតែម៉ែឪខ្សែហោរបស់វាក៏ប៊ិះនឹងចូលរណ្តៅដែរ។
លោកសួន នទី ដែលបច្ចុប្បន្នកំពុងបំពេញភារកិច្ចនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននិយាយថា ពេលឃើញរូបថតមួយសន្លឹកដែលមានឪពុកត្រូវយោធាខ្មែរក្រហមចងស្លាបសេកត្រៀមយកទៅវ៉ៃចោល ខណៈដែលកូនស្រីតូចអង្គុយលើភ្លៅឪពុកទាំងក្តីរន្ធត់តក់ស្លុត ហើយបុរសរូបនេះកំពុងនឹករកមធ្យោបាយដើម្បីរំដោះខ្លួន ខណៈដែលខ្លួនគាត់ដៃជាប់ចំណងបែបនេះ មិនដឹងថានាទីណាដែលគាត់ត្រូវគេសម្លាប់ ហើយវាសនាកូនតូចរបស់គាត់នឹងទៅជាយ៉ាងណា?
លោកសួន នទី បានឲ្យកម្ពុជាថ្មីដឹងថា ខ្លាចតែក្មេងជំនាន់ក្រោយទេដែលមិនដឹងពីទុក្ខវេទនានៅពេលប្រទេសកើតសង្គ្រាម បើអ្នកដែលកើតដឹងក្តីក្នុងអំឡុងឆ្នាំ១៩៧០គឺដឹងច្បាស់ណាស់។អ្វីដែលប្រជាពលរដ្ឋភ័យខ្លាចនោះ គឺប្រទេសកើតសង្គ្រាមនិងរស់ក្រោមការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីសំណាក់កងយោធា។
និយាយរួមគឺរបបប៉ុល ពត ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលបច្ចុប្បន្នមានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅសុទ្ធតែស្គាល់អស់នៅភាពបែកបាក់ព្រាត់ប្រាស ហើយកាលណោះគ្មានប្រជាពលរដ្ឋណាម្នាក់មានសង្ឃឹមថា នឹងបានរស់ឡើងវិញឡើយ។ ហើយជំនាន់នោះគឺម្នាក់ៗបានលើកដៃបន់អស់ទេវតាសូមឲ្យមានអ្នកស្នេហាជាតិមករំដោះប្រទេសជាតិនិងប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីស្លាប់និងទុក្ខវេទនាទឹកភ្នែកស្រក់មកលើផែនថ្ពាល់សឹងគ្រប់វិនាទីរហូតដល់គ្មានទឹកភ្នែកទៀតផង។
បងប្រុសបញ្ជាក់ថា ក្នុងសម័យសង្គ្រាមរហូតមកដល់ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩គ្រួសារបងប្រុសត្រូវបាត់បង់ជីវិតអស់៦៧នាក់នៅសល់តែគ្រួសារបងប្រុសមានម្តាយនិងបងប្អូនតែ៥នាក់ប៉ុណ្ណោះ។ដូច្នេះអ្វីដែលជាសង្គ្រាមគឺប្រជាពលរដ្ឋខ្មែរសូមខ្លាចហើយ ហើយជាសំណាងណាស់ដែលប្រជាពលរដ្ឋខ្មែរយើងបានគុណបុណ្យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាបានទាន់ពេលកុំអីគ្មានវត្តមានប្រជាពលរដ្ឋកម្ពុជាបានកើនឡើងរហូតដល់ជាង១៦លាននាក់ដូចសព្វថ្ងៃនេះឡើយ។
ទាំងបងប្រុស និងក្រុមគ្រួសាររួមទាំងប្រជាពលរដ្ឋកម្ពុជាយើង ប្តេជ្ញាគាំទ្រនិងការពារសម្តេចតេជោ អស់មួយជីវិតដើម្បីឲ្យសម្តេចដឹកនាំប្រទេសជារៀងរហូត ហើយប្រជាពលរដ្ឋកម្ពុជាលែងចាញ់បោកតាមការញុះញង់ពីមេបក្សប្រឆាំងតទៅទៀតហើយ។ ព្រោះបក្សប្រឆាំងមិនចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាពឡើយ ដោយពួកគេព្យាយាមឲ្យខ្មែរបែកបាក់គ្នាដើម្បីឲ្យមានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងដូចមេខ្មែរក្រហមអញ្ចឹង៕
Source: Kampuchea Thmey Daily
0 Comments