ព្រះសីហនុ ៖ ឆ្នេរ សមុទ្រ និងព្រៃលិចទឹកតំបន់កោះ ខ្យង ស្ថិតក្នុង ឃុំ អូរ ជ្រៅ ទំហំប្រមាណ ជិត ២ហិកតា ត្រូវបាន គេឃុបឃិតគ្នា ចាក់ដីលុបយ៉ាងរលូន ក្នុងគោលបំណង យកដីនោះ លក់ឲ្យក្រុមហ៊ុន ចិន តម្លៃ ប្រមាណ ជាង១លានដុល្លារ សម្រាប់ សាងសង់ កំពង់ផែចតទូក។ ដោយបញ្ហានេះ ក្រុមអ្នកការចាក់ដីបាននិយាយប្រាប់ អ្នកកាសែតយ៉ាងឡូយ ថា ដីនេះ ជាដី មិត្តភក្ដិ របស់លោក មេឃុំ អូរ ជ្រៅ ហើយការចាក់ដី បែបនេះ ក៏បាន ការអនុញ្ញាត ពីលោក មេឃុំផង ដែរ ដូចនេះ បើចង់ដឹងថាមានច្បាប់ឬ យ៉ាង ណានោះ សូមទៅ សួរលោក មេឃុំទៅនោះនឹងដឹងហើយ។
ជុំវិញបញ្ហាចាក់ដីខាងលើនេះ បើតាម ប្រជាពលរដ្ឋ រស់ នៅតំបន់ កោះខ្យង បាននិយាយប្រាប់ ឲ្យដឹងថា ដីចំណុច ដែលគេចាក់ដីលុបនេះ គឺជាដី ឆ្នេរ សមុទ្រ និងដីព្រៃលិចទឹក ដែលកន្លងមក ជាកន្លែងចត ទូករបស់ក្រុមអ្នកនេសាទ។
ក្រុមប្រជាពលរដ្ឋ បានបន្តទៀតថា នៅមុនពេលចាក់ដី គេតែង ឃើញរថយន្ត ទំនើប របស់ជនជាតិចិន បាន ទៅឈរ នៅលើដីខាងលើ និងបានធ្វើកាយវិការ ចង្អុល ឆ្វេង ចង្អុលស្តាំ ទំនងដូចជាចងធ្វើការសាងសង់ អ្វីមួយ អញ្ចឹងដែរ លុះរំលង បានចំនួនប្រមាណ ១០ថ្ងៃក្រោយ ក៏ស្រាប់តែ មានសកម្មភាពចាក់ដី លុប សមុទ្រ និង ព្រៃលិចទឹក នៅទីតាំងដីនោះតែម្តង ដោយការចាក់នេះ ត្រូវបាន គេលួច ប្រាប់ឲ្យដឹង ថា ដីចំណុចនេះត្រូវបាន គេលក់ឲ្យទៅក្រុមហ៊ុន ចិន អស់ហើយ ក្នុងតម្លៃ ជាង១លានដុល្លារ ដើម្បីយកធ្វើជាកន្លែងផៃចតទូក។
ដោយឡែក សម្រាប់ បុរសម្នាក់ ដែលមានតួនាទីជាអ្នកចាំរាប់ជើងរថយន្តដឹកដី ខណៈពេល ក្រុមអ្នក សារព័ត៌មាន ធ្វើការសួរនាំ បុរសរូបនោះ បានឆ្លើយ យ៉ាងឡូយថា ដីនេះជាដីមិត្តភក្ដិលោក មេឃុំ អូរជ្រៅ ដូចនេះបើចងដឹង មានច្បាប់ឬអត់ច្បាប់ សូមអញ្ជើញទៅសួរលោក មេឃុំ ទៅនោះនឹងដឹងហើយ។
លោក ជីប ចាន់រ៉ា វី មេឃុំអូរជ្រៅ ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោក បានឆ្លើយ បដិសេដ ថា គាត់ មិនស្គាល់អ្នកចាក់ដីខាងលើនេះទេ ហើយបញ្ហាចាក់ដីនេះ កន្លងមក លោក ក៏ធ្លាប់ ឲ្យមន្ត្រី សាលាឃុំ ចុះទៅធ្វើ ការហាមឃាត់ដែរ តែគេមិនស្តាប់ នឹងនៅតែបន្តចាក់រហូត។
លោក សរកក្តដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោក មិនបានដឹងទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះ លោកនឹងឲ្យមន្ត្រី ស្រុក ចុះទៅពិនិត្យជាក់ស្តែង ដើម្បី មានវិធានការតាមផ្លូវច្បាប់ ហើយក្នុង ករណី ពិនិត្យឃើញថា ការចាក់ដីនោះ បង្កផលប៉ះពាល់ ដីព្រៃលិចទឹក និង ឆ្នេរសមុទ្រ លោក នឹងឲ្យកាយចេញវិញ ឲ្យអស់ មិន យោគយល់នោះឡើយ។
គួរបញ្ជាក់ផងដែរថា តំបន់កោះខ្យង ជាតំបន់ សំបូរទៅ ប្រជាពលរដ្ឋ ប្រកបមុខរបរ នេសាទ ប៉ុន្តែ អ្វីដែល គួរឲ្យចាប់នោះគឺ ដីព្រៃលិចទឹក មួយភាគធំ ត្រូវបានគេឃុបឃិត ជាមួយក្រុមអ្នកមានលុយ មានអំណាច ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ អស់ ទៅ ហើយ ដោយសារតែ ថ្នាក់ដឹកនាំ តំបន់នោះ ខ្វះការទទួលខុស ត្រូវ ឬ អាច និយាយបានថាជា អំពើរលួយ ហើយ សម្រាប់ ប្រជាបលរដ្ឋ ក្រីក្រ ដែលប្រកបមុខរបរ នេសាទ បច្ចុប្បន្ន ស្ទើរ រកកន្លែងចត លែងបាន ហើយ៕
Source: Kampuchea Thmey Daily
0 Comments