កណ្ដាល ៖ សាកសពយុវនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងប្រឡាយព្រំដី ក្នុងព្រៃមួយកន្លែង ដែលសង្ស័យថា ជាករណីឃាតកម្ម រំលោភរួចសម្លាប់ ដោយរាងកាយជនរងគ្រោះអាក្រាតត្រឹមជង្គង់។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពនារីរងគ្រោះ ឈ្មោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋ ឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិក្រោលគោ ឃុំសំបួរមាស គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ខណៈមកដល់មាត់បឹង មិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវ ក៏ឈប់ម៉ូតូចុះមកមើល ស្រាប់តែឃើញសាកសពមនុស្សស្រីក្នុងប្រឡាយព្រំដីក្នុងព្រៃ ភ្លាមៗនោះបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងនគរបាលជំនាញ ចុះមកកន្លែងកើតហេតុធ្វើការកោសល្យវិច័យ រួចបញ្ជាក់ថា ការស្លាប់នារីរងគ្រោះ គឺជាករណីឃាតកម្ម។ ចំពោះករណីនេះ នគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមូលហេតុពិត និងតាមចាប់ជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments