ព្រៃវែង ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ ធ្វើការឃាត់ខ្លួន បន្ទាប់ពីយុវជនទាំងពីរ ប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា យុវជនដែលត្រូវសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន ទី១-ឈ្មោះ រឿន សារាន(ហៅស្រួច) ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃចារ ឃុំជ្រៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និង ទី២-ឈ្មោះ រួម ផាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា។ ជនសង្ស័យទាំងពីរនាក់ បានប្រើអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ ឈ្មោះ ហុង ហួត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ/ឃុំពានរង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយជនសង្ស័យ បានយកដែកមុតស្រួច ចាក់ទៅលើជនរងគ្រោះ រងរបួសធ្ងន់ កាលពីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅរសៀលថ្ងៃទី០៨មីនា វេលាម៉ោងនិង១៤និង២០នាទី ចំណុចវត្តពានរង ស្ថិតក្នុងភូមិ/ឃុំពានរង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងពីរ បានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតមែនដោយមូលហេតុជនរងគ្រោះបានយកខ្សែក្រវាត់វាយពួកខ្លួនមុន។
បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments